បើករថយន្តបោះពួយក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកខឿនសួនហោះ បន្តបុកកន្លែងលក់បាយឆារងការខូចខាតយ៉ាងដំណំ
ភ្នំពេញ: រថយន្តហាយលេនឌ័រមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកខឿនសួនចែកទ្រូងផ្លូវរួចហោះរំលងទៅផ្លូវម្ខាងទៀតបន្តទៅបុកកន្លែងលក់បាយឆាមីឆា បណ្ដាលឱ្យសម្ភារៈលក់ដូរខ្ទាតរាយប៉ាយ ឯរថយន្តបានគងលើរទេះលក់បាយឆាផ្អៀងមួយចំហៀងទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ ២១៧ នៅខាងត្បូងស្ពានព្រៃជ្រៃប្រមាណជា៣០០ម៉ែត្រ ស្ដិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AP-7876ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ទិសដៅពីត្បូងទៅជើងក្នុងល្បឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោងបានរេចង្លូតមកខាងឆ្វេងដៃបុកខឿនសួនចែកទ្រូងផ្លូវហោះរំលងមកផ្លូវម្ខាងទៀតបន្តទៅបុកកន្លែងលក់បាយឆានិងមីឆាបណ្ដាលឲ្យសម្ភារៈលក់ដូរខ្ទាតរាយប៉ាយ ឯរថយន្តបានឡើងជិះពីលើរទេះលក់បាយឆាផ្អៀងមួយចំហៀងទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីបង្កសូមធ្វើការសម្រុះសម្រួលគ្នាជាមួយខាងអ្នកលក់បាយឆា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕





