អាមេរិកប្រាប់ប្រទេសប្រជាធិបតេយ្យនានា ឲ្យបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់ ក្រោយនីការ៉ាហ្គាផ្តាច់ចំណងការទូតជាមួយតៃប៉ិ ហើយងាករកប៉េកាំងវិញ

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក បានអំពាវនាវឲ្យប្រទេសទាំងអស់ ផ្តល់តម្លៃចំពោះលទ្ធិប្រជាធិបតេយ្យ និងបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់ ខណៈប្រទេសនីការ៉ាហ្គាទើបតែបានប្រកាស កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ហើយងាកទៅចាប់ដៃជាមួយចិនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។


នៅក្នុងសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសអាមេរិក ក៏បានស្តីបន្ទោសប្រធានាធិបតីនីការ៉ាហ្គា លោក ដាញែល អ័រតេហ្គា (Daniel Ortega) ផងដែរ ដោយអាមេរិកបានចាត់ទុកថា ការសម្រេចចិត្តបែបនេះ គឺមិនមែនជាការធ្វើឡើងដោយស្របតាមឆន្ទៈ នៃប្រជាជនប្រទេសអាមេរិកកណ្តាលមួយនេះឡើយ។
គួរបញ្ជាក់ថា ក្រោយការផ្តាច់ចំណងការទូតពីសំណាក់នីការ៉ាហ្គា កោះតៃវ៉ាន់នៅសល់ប្រទេសតែ ១៤ ប៉ុណ្ណោះ ដែលមានទំនាក់ទំនងផ្លូវការជាមួយខ្លួន។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋនីការ៉ាហ្គាបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការចាប់ផ្ដើមបន្តទំនាក់ទំនងការទូតឡើងវិញរួចហើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram