រតនគិរី​ ៖ស្រវឹងកុំបើកបរ! បុគ្គលិកធនាគាម្នាក់ ជ្រុលចង្កូតម៉ូតូបុកគូទគោយន្ត បែកក្បាលចេញខួរ ស្លាប់យ៉ាងអាណោចអាធម៌

បុគ្គលិក​ធនាគារហត្ថាកសិករម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់ពី​ជិះ​ម៉ូតូ​បុក​គូទ​គោយន្ត​កែច្នៃ​មួយគ្រឿង ​បណ្តាល​ឲ្យ​បែកក្បាល​ចេញ​ខួរ​ពេញ​ផ្លូវ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ត្រង់ចំណុច​ទល់មុខ​ស្លាក​សញ្ញា​កូ​បូ​តា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ម៉ី សែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ​ជា​បុគ្គលិក​ធនាគារ​ហត្ថា​កសិករ​(​លីមីត​ធី​ត​)​ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី បាន​រង​របួស​ត្រង់​ក្បាល​បែកចេញ​ខួរ​ស្លាប់​មួយ​រំពេច​។​

​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​2014 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី 1B-2232 ក្នុងទិសដៅ​ពី​លិច​មក​កើត ហើយ​បាន​រង​ការខូចខាត​ក្បាល​ម៉ូតូ​យ៉ាងដំណំ​ផងដែរ​។ ចំណែក​គោយន្ត​ឃើញ​ស្ថាន​ភាពមិន​ស្រួល​ បានដាក់​មេប្រ៉ូច​បាត់​ស្រមោល ហើយ​បន្សល់ទុក​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ចិញ្ចើម​ផ្លូវថ្នល់​។​

​បើតាម​ប្រភពពី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹក​ស្រា​អស់​ជាច្រើន ​ជាមួយនឹង​បងប្អូន​សាច់ញាតិ​របស់ខ្លួន កាលពី​វេលា​ម៉ោង​១២​ជាង​ ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោយមក​ ​ក៏បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​នៅ​ស្រុក​កូន​មុំ មក​ចូល​ខេត្ត​វិញ ប៉ុន្តែ មិន​បាន​ប្រាប់​ប្រពន្ធ​ និង​បងប្អូន​ឲ្យ​ដឹង​នោះឡើយ​។​

​សាច់ញាតិ​ជនរងគ្រោះ​បាន​បន្តទៀតថា ទាល់តែ​ព្រឹក​ឡើង​មានការ​ភ្ញាក់ផ្អើល​ថា ប្តី​របស់ខ្លួន​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅហើយ ក៏បាន​នាំ​បងប្អូន​ និង ​ម្តា​យមក​កន្លែង​សព​កូន ​ឃើញ​ដូច្នេះ ម្តាយ​បាន​ដួល​សន្លប់​ស្ដូកស្ដឹង នាំគ្នា​យក​ប្រេងខ្យល់​ឲ្យ​ម្តាយ​ហិត ក្រោយមក​ម្តាយ​ក៏បាន​ដឹងខ្លួន​វិញ​។​

សមត្ថកិច្ច​មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត​បាន​ចុះ​មក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ហើយ​បាន​សន្និដ្ឋានថា ម៉ូតូ​ជនរងគ្រោះ ​និង​គោយន្ត​កែច្នៃ​ បើកបរ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​គោយន្ត​កែច្នៃ​យ៉ាង​ពេញទំហឹង​តែម្តង​។​

​ក្រោយមក​ សមត្ថកិច្ច​ជំនាញ​ បានធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ ធ្វើ​កំណត់ហេតុ​ប្រគល់​សាក​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ម៉ូតូ​ជនរងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចុះ​ស្រាវជ្រាវ​រក​គោ​យន្ត​មក​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ខុសច្បាប់​៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram