ប្រទះឃើញសពយុវជនម្នាក់ក្នុងស្រះទឹក ក្នុងវត្តស្ទឹងមានជ័យ សមត្ថកិច្ចបញ្ជាក់ថា ករណីលង់ទឹកស្លាប់
ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសពយុវជនម្នាក់ស្លាប់ក្នុងស្រះទឹក ក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលនាវេលាក្បាលព្រលប់ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

ជនរងគ្រោះ ឈ្មោះ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅកន្លែងកើតហេតុ អោយដឹង នៅមុនកើតហេតុ គេសង្គេតឃើញ យុវជនរងគ្រោះ និងមិត្តភក្តិមួយចំនួន បាននាំគ្នាទៅលេងទឹកស្រះក្នុងវត្ត ហើយក៏បានចុះហែលលេង ។ ខណះនោះ យុវជនរងគ្រោះ ក៏បានលិបបាត់ស្រមោលក្នុងទឹកមួយសន្ទុះ ពេលនោះធ្វើបង្កអោយមានការភ្ញាក់ផ្អើល ដោយសារបាត់មនុស្ស ។បន្ទាប់ពីបាត់យុវជនរងគ្រោះ ក្រុមមិត្តភក្តិ បានជម្រាបដល់ព្រះសង្ឃក្នុងវត្ត ដើម្បីសុំជួយអន្តរាគមន៍ ។ ភ្លាមៗនោះ មានព្រះសង្ឃ ចេះហែលទឹក ក៏លោកបានមុជទឹកចូលទៅរ៉ាវរក ក៏ប្រទះឃើញយុវជនរងគ្រោះ តែម្តងទឹក ហើយក៏បានជួយស្រង់ឡើងលើគោក ទើបទឹកថាយុវជនរងគ្រោះបានស្លាប់ហើយ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នែកកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ធ្វើការហ៊ុព័ទ្ធខ្សែពិនិត្យវិច្ច័យរកមូលដ្ឋាន នៃការស្លាប់ ។លោកវរសេនីយ៍ទោ កឹម កល្យាណ អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ បានប្រាប់អោយដឹងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់រួចមក ករណីនេះ គឺជាករណីលង់ទឹកប្រាកដមែន ពុំមែនជាករណីអ្វីផ្សេងឡើយ ។ ក្រោយការពិនិត្យរួចរាល់ សពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕



