លោក ឃួង ស្រេង នាំយកអាវរងា ភួយ ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអ្នកធាក់ស៊ីក្លូ៣០០នាក់

(ភ្នំពេញ)៖ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិតិ្តយសមូលនិធិត្រីចក្រយានកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា៖ អាវរងា ភួយ ក្រមា និងថវិកា មួយចំនួនថែមទៀត ខណៈដែលរដូវរងា នឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។


ការផ្តល់អំណោយទាំងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកស្រី នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា នៅពេលដ៏ខ្លីខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដូច្នេះហើយទើបកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងមកនេះ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្ដេចតេជោ បានណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ទាំង២៥ យកចិត្តទុកដាក់ ចំពោះមនុស្សចាស់ ខណៈដែលអាកាសធាតុនឹងចុះត្រជាក់ នៅពេលខាងមុខនេះ។


អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា លោកបាននាំអាវរងា ក្រមា ភួយ និងថវិកាចំនួន៥ម៉ឺនរៀល ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូ ក្នុងម្នាក់ៗយកទៅប្រើប្រាស់ ក្នុងពេលអាកាសធាតុចុះត្រជាក់ខ្លាំងនៅពេលខាងមុខនេះ។


លោក ឃួង ស្រេង បានបញ្ជាក់ថា សម្តេចតេជោតែងតែឈរលើជួរមុខជានិច្ច ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មិនថាក្មេង ឬមនុស្សចាស់ឡើយ។ លោក ឃួង ស្រេង នៅក្នុងឱកាសនោះ ក៏បានណែនាំដល់បងប្អូន អ្នកធាក់ស៊ីក្លូទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ ពិសេសគឺអនុវត្ត «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram