បុកបន្តគ្នា អាព្រូស និងអាហ្វតរបស់អភិបាលស្រុក លឺដូចរន្ទះ ហើយម៉ូតូ មកបុកបន្ថែម ដាច់ជាពីរកំណាត់ របួសធ្ងន់ស្រាល ៣នាក់ នៅក្រុងស្វាយរៀង
- ខេត្តស្វាយរៀង៖ គ្រោះលើគ្រោះ លោកអភិបាលស្រុករំដួល ត្រឡប់មកពីមើលឪពុកក្មេក មានជំងឺជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ហើយមានម៉ូតូ ១គ្រឿងទៀត បើកលឿនដូចហោះ មកបុកបន្ថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួននៃកំណាត់ផ្លូវលេខ១០៧ និងផ្លូវលេខ២០៨ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាកហ្វត (Ford RANGER ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-9192 បើកបរពីទិសខាងលិច មកទិសខាងកើត លុះមកដល់ចំណុចកើហេតុខាងលើ ក៏មានរថយន្ត ១គ្រឿងទៀត ម៉ាក TOYOTA ព្រូស ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-5559 បើកបរពីទិសខាងជើង ទៅទិសខាងត្បូងយ៉ាងលឿន ក៏បុកជាមួយរថយន្តហ្វតពេញទំហឹង លាន់ដូចរន្ទះ (ចំទ្វារថយន្តហ្វតខាងមុខ) ខណៈនោះ ក៏មានបុរសម្នាក់បើកម៉ូតូ ១គ្រឿងម៉ាក ហុងដា សាលួត (ផលិតនៅប្រទេសវៀតណាម) ពីទិសខាងលិច មកកើត លឿនដូចគេហោះ មកបុកចំទទឹងរថយន្តព្រូស ពេញទំហឹង បណ្តាលឲ្យដាច់ម៉ូតូជាពីរ ហើយអ្នកបើកម៉ូតូ បោកខ្ទប់ទៅនឹងរថយន្ត រងរបួសក្បាល និងបាក់ដៃខាងឆ្វេង សន្លប់ស្តូកស្តឹង។

ចំណែកអ្នកបើកបររថយន្តព្រូស របួសធ្ងន់ ជាប់នៅក្នុងរថយន្ត ត្រូវអ្នកឃើញហេតុការណ៍ ជួយទាញទ្វារ នាំចេញពីរថយន្ត (បុកទ្រូង និងចង្កូត របួសជើងទាំងសងខាងធ្ងន់)។ ចំណែកអ្នកបើកបររថយន្តហ្វត គឺគេស្គាល់ថា លោក សុខា រ៉ាម អភិបាលស្រុករំដួល របួសស្រាល ត្រូវបានអ្នកជិតខាង ដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីព្យាបាល។
ប្រភពបន្តថា អ្នកបើកបររថយន្តម៉ាកព្រូស ឈ្មោះ មាស ខេមរា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិរាមសេនា ឃុំដូង ស្រុករមាសហែក (របួសជើងទាំងពីរ និងបុកទ្រូងនឹងចង្កូតរថយន្ត របួសធ្ងន់)។

សមត្ថកិច្ចបានពិនិត្យជាតិអាកុល ឃើញថា អ្នកបើកបររថយន្តព្រួស មានជាតិអាកុល ១.១១ ហើយប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា មុនកើតហេតុ គេឃើញឈ្មោះ មាស ខេមរា ចេញពីហាងផឹកស៊ីមួយ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្បែរកន្លែងកើតហេតុនោះ ប្រមាណជាង ២០០ម៉ែត្រ។ រីឯអ្នកបើកម៉ូតូឈ្មោះ ភាព មុខរបរ លក់ដូរ រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង មានជាតិអាល់កុលដែរ របួសក្បាល និងបាក់ដៃខាងឆ្វេង សន្លប់នៅនឹងកន្លែង។

រថយន្តព្រូសខូចខាតយ៉ាងដំណំ ខ្ទេចកាប៊ីនខាងមុខ ទាំងស្រុង កំពៀតទ្វារខាងឆ្វេង ធ្ងន់។ រីឯរថយន្តហ្វតបន្ថែមល្បឿនបុកឡើងលើខឿន ជ្រុលទៅបុកបង្គោល វីង ទើបអស់ល្បឿន ទៅមុខលែងរួច ក៏ខូចខាតធ្ងន់ដាច់កង់ខាងមុខ ក្រពឹតទ្វារមុខខាងឆ្វេង បាក់ដែកឈ្នាន់ខាងឆ្វេង ផ្ទុះពោងខាងឆ្វេងចំនួន២។ រីឯម៉ូតូដាច់ជាពីរកំណាត់ ខូចធ្ងន់។

បន្ទាប់ពីគ្រោះថ្នាក់ បាន ២០នាទី ទើបសមត្ថកិច្ចមកដល់ ហៅរថយន្តសាមុយ ដឹកជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ យកទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ។ បន្ទាប់មក រថយន្តសាមុយ មកដឹកម្ចាស់រថយន្តព្រូស ទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះដែរ។
រហូតដល់វេលាម៉ោង ៩ និង ៤៥នាទីយប់ ទើបរថយន្តស្ទូច មកស្ទូចរថយន្តទាំងពីរគ្រឿង យកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕ វ៉ាន់ ប៊ុនធឿន








