អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kissinger ថាជំនួបកំពូលរវាងលោក បៃដិន និងលោក ស៊ី ជិនពីង ជាការចាប់ផ្ដើមដ៏ល្អ ដើម្បីបញ្ចៀសសង្រ្គាម


(សិង្ហបុរី)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហិនរី ឃីសស៊ីងហ្គ័រ (Henry Kissinger) បាននិយាយថាជំនួបកំពូលតាមប្រព័ន្ធវីដេអូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺជាការចាប់ផ្ដើមមួយដ៏ល្អសម្រាប់ឱ្យមហាអំណាចទាំង២ បញ្ចៀសកុំឱ្យ ភាពតានតឹងបច្ចុប្បន្ន ផ្ទុះទៅជាជម្លោះ ឬសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Henry Kissinger មានអាយុ ៩៨ឆ្នាំ ធ្វើការកត់សម្គាល់បែបនេះនៅឯវេទិកាសេដ្ឋកិច្ចមួយរៀបចំឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Kissinger បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាភាគីទាំងពីរត្រូវតែទទួលស្គាល់ថាជម្លោះរវាងមហាអំណាចមិនគួរឱ្យវាកើតឡើងឡើយ ដើម្បីការពារមនុស្សជាតិ… ហើយ ជំនួបកំពូលថ្មីៗនេះគឺជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ឱ្យប្រទេសទាំង២ គ្រប់គ្រងកុំឱ្យជម្លោះផ្ទុះឡើង និងស្វែងរកការរួមរស់នៅជាមួយគ្នា»។
គួរបញ្ជាក់ថា នៅក្នុងជំនួបកំពូលតាមប្រព័ន្ធវីដេអូរវាងលោក បៃដិន និងលោក ស៊ី ជិនពីង មិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងអ្វីឡើយ ខណៈក្រុមអ្នកជំនាញ ភាគច្រើនយល់ថាទំនាក់ទំនងរវាងអាមេរិក និងចិន សព្វថ្ងៃមានលក្ខណៈប្រកួតប្រជែង ជាជាងធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram