អ្នកទោស ហែកគុ.ករត់ ទាំង ៧នាក់ នៅខេត្តស្ទឹងត្រែង ចាប់បានមកវិញអស់ហើយ!
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដំណឹង ជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចាប់ខ្លួនមកវិញនូវទណ្ឌិត ដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង ដែលនៅពេលនេះ យើងសម្រេចបានជោគជ័យ។
សម្តេចក្រឡាហោម ស ខេង បានសរសេរលើហ្វេសប៊ុកថា «តាមលទ្ធផល នៅថ្ងៃនេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ចប់ការចាប់ខ្លួនជនជាប់ឃុំចំនួន ៧នាក់ មកវិញហើយ ដែលទណ្ឌិតទាំងនោះ បានវាយទម្លុះជញ្ជាំងពន្ធនាគារ លួចរត់គេចខ្លួន កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីសម្រេចបានជោគជ័យនៅក្នុងប្រតិបត្តិការនេះ»។
សម្តេចក្រឡាហោម ស ខេង បន្តថា «ទន្ទឹមនឹងនេះ ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ជាថ្មីទៀត ជូនបងប្អូនជនរួមជាតិដែរថា ដំណើរការអធិការកិច្ច ចំពោះបញ្ហា ដែលបានកើតឡើង ធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារនោះ គឺនៅកំពុងដំណើរការនៅឡើយ ហើយយើងនឹងធ្វើកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព»។
សម្តេចក្រឡាហោម ស ខេង បន្ថែមថា «បងប្អូនជនរួមជាតិជាទីគោរព! ដូចដែលខ្ញុំបានជម្រាបពីពេលមុនមកហើយថា លទ្ធផលជោគជ័យនៃប្រតិបត្តិការនេះ ពិតជាកើតឡើងបាន ដោយសារតែមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ច ឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិត ដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀន ហើយនេះគឺជាការបង្ហាញថា គ្រប់សកម្មភាពសង្គម អាចសម្រេចបាន គឺពិតជាមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាព ដែលលទ្ធផលនេះ បានបង្ហាញថា បងប្អូនប្រជាពលរដ្ឋយើង ពិតជាមានការយល់ដឹង និងបានចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ»៕








