បុគ្គលិកស្រីដែលបំរើការពេលយប់នៅក្នុងស្ថានីយប្រេងមួយកន្លែង ត្រូវចោរចូលលួចយកម៉ូតូ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈនាងកំពុងដេកលក់នៅកន្លែងធ្វើការ
ខេត្តបាត់ដំបង ៖ បុគ្គលិកស្រីដែលបំរើការពេលយប់នៅក្នុងស្ថានីយប្រេងមួយកន្លែង ត្រូវចោរចូលលួចយកម៉ូតូ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈនាងកំពុងដេកលក់នៅកន្លែងធ្វើការ តែសកម្មភាពជនដៃដល់បានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងស្ថានីយ៍ប្រេងនោះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ វិច្ឆិកា នៅក្នុងស្ថានីយប្រេង
«ហេងឆៃលី» ស្ថិតក្នុងភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ។
ជនរងគ្រោះឈ្មោះ យឿន ឧស្សាហ៍ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។ តាមរយៈបណ្ដាញសង្គម ដែលមានឈ្មោះ សុ មាវត្តី ដែលបានបង្ហោះកាតគ្រីម៉ូតូដែលត្រូវចោរលួច អមដោយខ្លឹមសារអំពីការបាត់បង់ម៉ូតូ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផងគាត់បានបញ្ជាក់ប្រាប់កោះសន្តិភាពថា គាត់ត្រូវជាម្ដាយមីងជនរងគ្រោះ(ម្ចាស់ម៉ូតូ) ។ គាត់ប្រាប់ថា ក្មួយស្រីគាត់ឈ្មោះ យឿន ឧស្សាហ៍ ជាបុគ្គលិកបំរើការនៅស្ថានីយប្រេង «ហេងឆៃលី» ខាងលើនេះ ហើយនាងធ្វើការនៅពេលយប់។ គាត់បាននិយាយទៀតថា ម៉ូតូនោះក្មួយស្រីគាត់បានជិះទៅធ្វើការពេលយប់ធម្មតា ហើយបានទុកក្នុងខាងមុខម៉ាត ដែលស្ថិតក្នុងស្ថានីយ៍ប្រេងដូចសព្វដងដែរ ។
ប៉ុន្តែពេលនាងដេកលក់ ស្រាប់តែចោរបានចូលទៅអូសចេញរួចជិះយកទៅបាត់។ នាង យឿន ឧស្សាហ៍ ត្រូវបានគេស្រង់សម្ដីថា នាងបានយកម៉ូតូនៅទុកខាងមុខម៉ាតដូចរាលយប់ តែមិនបានចាក់សោ.កទេ។ នាងនិយាយថា រហូតដល់យប់ជ្រៅ នាងក៏ដេកនៅក្នុងស្ថានីយ៍ លុះនៅវេលាម៉ោងជិត៥ភ្លឺ ពេលនាងភ្ញាក់ឡើងស្រាប់តែបាត់ម៉ូតូ ទើបមានការផ្អើលឆោឡោតែម្ដង។ នាងបានបញ្ជាក់ដែរថា ពេលនោះ នាងនិងបុគ្គលិកដទៃទៀតបានឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនម្នាក់ពាក់មួកសុវត្ថិភាព បានដើរចូលទៅអូសយកម៉ូតូនាងចេញពីស្ថានីយ៍ប្រេង នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ វិច្ឆិកា រួចជិះចេញបាត់តែម្ដង ។ ម៉ូតូនាងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-0633។
សូមបញ្ជាក់ផងដែរថា ករណីចោរលួចម៉ូតូនៅក្នុងស្រុកសង្កែ ហាក់កំពុងកើតឡើងស្ទើរគ្រប់កន្លែង ខណៈសមត្ថកិច្ចនៅក្នុងស្រុកនេះ ហាក់ទាល់តម្រិះចំពោះវិធានការទប់ស្កាត់ ឬបង្ក្រាប ដែលជាហេតុធ្វើឲ្យបទល្មើសនេះ កើតមានឡើងស្ទើរគ្រប់ពេល។ កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា លោកចោរក៏បានកាច់សោ.កលួចយកម៉ូតូមួយគ្រឿងបានដោយសុវត្ថិភាពដែរ នៅចំណុចផ្សារ«ស្លរក្រាម» ដែលស្ថិតនៅក្នុងភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ។ កាមេរ៉ាសុវត្ថិភាពបានថតជាប់សកម្មភាពចោរយ៉ាងច្បាស់ក្រឡែត ហើយវីដេអូឃ្លីប ដែលមានរយៈពេលជាង១នាទីកន្លះបង្ហាញសកម្មភាពក្រុមចោរនេះ ត្រូវបានគេបង្ហោះតាមបណ្ដាញសង្គមព្រោងព្រាត នៅព្រឹកថ្ងៃទី ១៥ វិច្ឆិកា ដើម្បីសុំឲ្យមហាជនបានឃើញមុខចោរ។

នៅក្នុងវីដូអូឃ្លីបនោះ ដំបូងគេឃើញស្ត្រីម្នាក់បានជិះម៉ូតូមកឈប់ក្បែររបង រួចចុះដើរទៅបាត់ ។ ប៉ុន្មានវិនាទីក្រោយ គេបានឃើញបុរសម្នាក់ពាក់ម៉ាស់ ដើរសំដៅទៅរកម៉ូតូនោះ រួចមានបុរសម្នាក់ទៀតដែលគេសន្និដ្ឋានថា ជាបក្សពួកចោរ បានជិះម៉ូតូទៅឈប់ក្បែរ បែបរង់ចាំការពារបិទគូទ ហើយពេលនោះគេជនម្នាក់បានទាញម៉ូតូស្ត្រីរងគ្រោះ បត់ត្រឡប់ក្រោយរួចឡើងជិះចេញយ៉ាងរំភើយបាត់ស្រមោលពីកាមេរ៉ាតែម្ដង។ បើពិនិត្យលើរូបភាពទាំងចោរ ទាំងស្លាកលេខម៉ូតូដែលពួកចោរជិះ គឺសមល្មម ដែលអាចឲ្យសមត្ថកិច្ចសម្គាល់ជាតម្រុយបានយ៉ាងងាយ ។
ប៉ុន្តែគេមិនទាន់ដឹងថា តើរហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃើញវីដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពចោរលួច ហើយឬនៅណោះទេ ខណៈបទល្មើសថ្មី បានផ្ទុះឡើងមួយករណីទៀតនៅស្ថានីយ៍ប្រេង«ហេងឆៃលី» ហើយក៏មានបន្សល់ទុករូបភាពចោរយ៉ាងច្បាស់ក្រឡែតដូចលើកទី១ដែរ ?






