អង្គការ WCS សហការជាមួយរដ្ឋបាលជលផលពិនិត្យសុខភាពអណ្តើកហ្លួងប្រចាំឆ្នាំកាលពីថ្ងៃទី ៩-១០ ខែវិច្ឆិកា ឆ្នាំ ២០២១
រាជធានីភ្នំពេញ ៖ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលពិនិត្យសុខភាពអណ្តើកហ្លួងប្រចាំឆ្នាំកាលពីថ្ងៃទី ៩-១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ អង្គការ WCS សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យសុខភាពអណ្តើកហ្លួងចំនួនមួយភាគបីក្នុងចំណោមអណ្តើកហ្លួង ២០៥ ក្បាលនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ។ ក្រុមការងារបានធ្វើការជ្រើសរើសអណ្តើកចេញពីក្រុមដែលមានអាយុខុសៗគ្នា និងយកឈាមមកវិភាគរកមើលចំនួនគ្រាប់ឈាម និងបរិមាណប្រូតេអ៊ីនសរុបក្នុងខ្លួនពួកវា ដើម្បីឱ្យប្រាកដថា អណ្តើកទាំងនោះមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងអាចបន្តពូជបាន ។
ការថែទាំអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌល ទទួលបានការគាំទ្រថវិកាពីអង្គការ Mandai Nature, Allan & Patricia Koval Foundation, Turtle Survival Alliance និងម្ចាស់ជំនួយផ្សេងៗទៀត ។ ចំណែកឯការងារអភិរក្សនៅតាមទីវាលគាំទ្រថវិកាដោយសហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងបទល្មើសសត្វព្រៃ (Partners against Wildlife Crime) អង្គការ Mandai Nature, US Forest Service, Rainforest Trust និង USAID-Feed the Future ។
លទ្ធផលនៃការធ្វើតេស្តឈាម បានបង្ហាញថា អណ្តើកហ្លួងដែលបានពិនិត្យទាំងអស់មានសុខភាពល្អ និងមានអត្រាប្រូតេអ៉ីនខ្ពស់សម្រាប់ការបន្តពូជ ។ បច្ចុប្បន្ន មានអណ្តើកហ្លួងចំនួន ២០៥ ក្បាលកំពុងទទួលបានការចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ អណ្តើកហ្លួងទាំងនេះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ប្រមូលយកពីឆ្នេរខ្សាច់ពងកូនតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងក្រោយពេលពួកវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកបញ្ជូនមកកាន់មជ្ឈមណ្ឌលនេះដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ ។
ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥ ៕







