មេធាវីលោកស្រី ទ្រី ដាណា អញ្ជើញ កញ្ញា Rose ចូលរួមដោះស្រាយបញ្ហាការបញ្ចេញមតិ ដែលត្រូវបានចាត់ទុកថា ( ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ របស់ លោកស្រី ទ្រី ដាណា )
ភ្នំពេញ៖លោកមេធាវី ព្រុំ សុវណ្ណារ៉ា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានចេញលិខិតអញ្ជើញមួយច្បាប់ ជូនចំពោះកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ដែលគេស្គាល់ថា ជាកញ្ញា Rose និង ប្រើគណនីហ្វេសប៊ុកឈ្មោះថា «An Na Rose» ឲ្យចូលមកកាន់ក្រុមមេធាវី អេដ អិន អេស (HNS) ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ររសៀល ដើម្បីចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធការបញ្ចេញមតិ លើ Facebook Page របស់លោកស្រី ទ្រី ដាណា ។

យោងតាមលិខិតអញ្ជើញនេះ គឺ កញ្ញា Rose បានបញ្ចេញមតិ ឬ Comment ថា «ចែស្អាតណាស់តែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឲ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង» ។
នេះ គឺ ជាខ្លឹមសារដែលកញ្ញា Rose បាន Comment នៅក្នុង Facebook Page របស់លោកស្រី ទ្រី ដាណា ដែលត្រូវបានមេធាវី លោកស្រី ទ្រី ដាណា ចាត់ទុកថា ( បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ លោកស្រី ទ្រី ដាណា យ៉ាងធ្ងន់ធ្ងរនិងបញ្ហាប្រឈមមួយចំនួនទៀត )។
លោកមេធាវី ព្រុំ សុវណ្ណារ៉ា សូមអញ្ជើញកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ចូលរួមដោះស្រាយបញ្ហាខាងលើនេះកុំបីខានឡើយ ។ បើពុំមកតាមកាលកំណត់នោះទេ លោកមេធាវីនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធចាត់ការតាមនីតិវិធីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រោយទទួលបានលិខិតអញ្ជើញនេះ កញ្ញា Rose បានសរសេរតាមបណ្តាញសង្គម Facebook វិញដោយមានខ្លឹមសារទាំងស្រុងថា «សុំអធ្យាស្រ័យ លោកជំទាវ ទ្រីដាណា ពីចំងាយ ប្អូនស្រីពិតជាមានកំហុសដែលខមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណ ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាសូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច»៕




