ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងវរៈសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី….


ខេត្តមណ្ឌលគិរី៖ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមទាំងមន្រ្តីក្រោមឱវាទ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងវរៈសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។


លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវវេជ្ជ.បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក៏ដូចជាសម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនកងកម្លាំងដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ឱ្យនៅគង់វង្សជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ លោកជំទាវ បានជម្រាបជូនពីស្ថានភាពមេរោគកូវីត១៩ នៅលើសកលលោក

ក៏ដូចជានៅប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ ពុំមានការចម្លងថ្មីនោះទៀតទេ ដោយឡែក អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅសល់ត្រឹមតែ ០២នាក់ប៉ុណ្ណោះ ក្នុងចំណោម ១២២នាក់ តែទោះជាយ៉ាងណាក៏ដោយ ក៏សូមឱ្យកងទ័ពទាំងអស់ មិនអាចភ្លេចខ្លួននោះទេ ព្រោះថាយើងអាចភ្លេចកូវីដ-១៩ តែកូវីត មិនអាចបំភ្លេចយើងបាននោះទេ ដូច្នេះ យើងត្រូវរួមគ្នារក្សាអនាម័យជាប្រចាំ និងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

លោកជំទាវ ឃឹម ចំរើន បានណែនាំ និងលើកទឹកចិត្តដល់កងទ័ពទាំងអស់ ត្រូវអនុវត្តតាមតួនាទី ភារកិច្ច ការងារប្រចាំថ្ងៃឱ្យបានល្អប្រសើរ ជាពិសេស ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារបូរណៈភាពទឹកដី និងត្រូវមានកិច្ចសហប្រតិបត្តិការល្អ ជាមួយខេត្តជាប់ព្រំដែន ដើម្បីរក្សាតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព និងការអភិវឌ្ឍន៍។


នាឱកាសនោះ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនកងវរៈសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី សរុបចំនួន ១១១នាក់ ក្នុងម្នាក់ៗ ទទួលបាន មីយើង ១កេះ ត្រីខ ១យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១យួរ កន្សែងពោះគោ ១ អង្រឹងមានមុង ១ អាវភ្លៀង ១ ម្សៅសាប៊ូ នំលីលី និងបន្ថែមថវិកា ១០ម៉ឺនរៀល ក្នុងនោះ ក៏បានឧបត្ថម្ភថវិកាជូនបញ្ជាការដ្ឋានកងពលលេខ២ ចំនួន ៥លានរៀល និងបានចូលរួមបុណ្យសពគ្រួសារយោធិនម្នាក់ឈ្មោះ លោកវរសេនីយ៍ទោ ឡ សារ៉ាន់ មុខងារជំនួយការកងវរៈសេនាតូចលេខ២ នូវថវិកា ២០ម៉ឺនរៀល រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន។


បន្ទាប់មកលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ផ្តល់ជូនគ្រួសារយោធិនក្រីក្រចំនួន ១៩នាក់ នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ក្នុងម្នាក់ៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាដូចគ្នាផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram