Quinonez ម្ចាស់មេដាយសំរឹទ្ធ ជើងឯកពិភពលោក រត់ចម្ងាយ ២០០ម៉ែត្រ ត្រូវគេបា.ញ់.ស្លា.ប់…
(ហ្គាយ៉ាគីល)៖ លោក Sprinter Alex Quinonez អតីតម្ចាស់មេដាយសំរឹទ្ធ ជើងឯកពិភពលោក សញ្ជាតិអេក្វាឌ័រ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងស្រុកកំណើតរបស់លោក នាទីក្រុង Guayanquil កាលពីថ្ងៃសុក្រ។ នេះបើតាមការបញ្ជាក់របស់ក្រសួងកីឡាអេក្វាឌ័រ ដកស្រង់ការផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។
តាមរយៈ Twitter ក្រសួងកីឡាអេក្វាឌ័របានថ្លែងយ៉ាងដូច្នេះថា ( ជាមួយនឹងក្តីសោកសៅយ៉ាងក្រៃលែង យើងក៏សូមបញ្ជាក់ថា កីឡាករដ៏ឆ្នើមរបស់យើង Alex Quinonez បានទទួលមរណភាពហើយ )។

ប្រភពពីសារព័ត៌មានក្នុងតំបន់ El Universo បានឲ្យដឹងដែរថា Quinonez អាយុ ៣២ឆ្នាំ និងមនុស្សមួយចំនួនទៀត ត្រូវបានបាញ់ស្លាប់នៅវេលាម៉ោង ៩៖២០នាទីយប់ ថ្ងៃសុក្រនេះ នៅភាគពាយព្យនៃទីក្រុង។
លោក Quinonez បានឈ្នះមេដាយនៃការរត់ចម្ងាយ ២០០ម៉ែត្រ ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ហើយក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នេះដូចគ្នា នៅកីឡាអូឡាំពិកក្រុងឡុងដ៍ ឆ្នាំ២០១២ ផងដែរ៕


