កម្មករសំណង់២នាក់ ឈប់រង់ចាំស្តុបសោះ ត្រូវបានរថយន្តរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន បុកបណ្ដាលឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖បុរស ២នាក់ ជាបងប្អូននឹងគ្នា មានមុខរបរជាកម្មករសំណង់ កំពុងតែឈប់រង់ចាំស្តុប ស្ពាន លីយ៉ុងផាត់ ស្រាប់តែរថយន្ត របស់ក្រុមហ៊ុនផែស្ងួត សូ ងួន បើកបុកបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចស្តុបស្ពាន លី យ៉ុងផាត់ តាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។


បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះឈុំ ធារាជ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះ២នាក់គឺជាបងប្អូននឹងគ្នា និង មានមុខរបរជាកម្មករសំណង់ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ជិតកន្លែងកើតហេតុស្រាប់តែបុកជាមួយនឹងរថយន្តមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នា ។ ភ្លាមៗនោះ ស្រាប់តែរថយន្តបង្កបានរេចង្កូតស្ដាំដៃទៅបុកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយពេលកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចដែលប្រចាំការនៅក្រោមស្ពាន លី យ៉ុងផាត់ ធ្វើការឃាត់ខ្លួនភ្លាមៗ ។
បច្ចុប្បន្នសពទាំង២នាក់ត្រូវបានបញ្ជូនទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈជនបង្កត្រូវបានបញ្ជូនមកការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram