ចិនបញ្ចប់ការធ្វើតេស្តម៉ាស៊ីនគ្រាប់រ៉ុក្កែត SRB ដែលមានថាមពលខ្លាំងបំផុត នៅលើពិភពលោក

(ប៉េកាំង)៖ ម៉ាសុីនគ្រាប់រ៉ុក្កែតភេទ SRB (solid rocket booster) ដែលចិនអភិវឌ្ឍឡើងដោយខ្លួនឯង ទើបតែបានបញ្ចប់ការធ្វើតេស្តនាថ្ងៃអង្គារនេះ នៅទីក្រុង ស៊ីអាន (Xi’an) នៃខេត្ត សានស៊ី (Shaanxi) ភាគពាយ័ព្យប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។


ម៉ាស៉ីនគ្រាប់រ៉ុក្កែតខាងលើ មានអង្កត់ផ្ចិត ៣.៥ម៉ែត្រ ជាមួយកម្លាំងរុញច្រាន ៥០០តោន ដែលត្រូវបានចាត់ទុកជា ម៉ាស៉ីនគ្រាប់រ៉ុក្កែត SRB មានថាមពលខ្លាំងក្លាជាងគេបង្អស់ នៅលើពិភពលោក។ វាត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអវកាសរដ្ឋចិន CASC ដែលកំពុងប្រឹងប្រែងសិក្សាស្រាវជ្រាវ ដើម្បីបង្កើនសមត្ថភាពម៉ាស៉ីនរ៉ុក្កែតនេះបន្ថែមទៀត។
គួរបញ្ជាក់ថា ភាពជោគជ័យនៃការធ្វើតេស្តម៉ាស៉ីនរ៉ុក្កែតថ្មីនេះដែរ នឹងជួយបើកផ្លូវឲ្យចិនអាចបង្កើតគ្រាប់រ៉ុក្កែត ដែលមានទំហំកាន់តែធំៗ និងមានសមត្ថភាពដឹកជញ្ជូនទំនិញបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការនៃការបង្ហោះយានខុសៗគ្នា កំលុងបេសកកម្មអវកាសផ្សេងៗ ដូចជាការបញ្ជូនមនុស្សទៅដល់ឋានព្រះចន្ទ ឬធ្វើដំណើរទៅកាន់កន្លែងឆ្ងាយៗទៀត នៅក្នុងទីអវកាសជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram