ព្រឹត្តិការណ៍ប្រណាំងកង់ Tour Down Under ឆ្នាំ២០២២ ត្រូវបានលុបចោល ដោយសារច្បាប់ COVID-19
(ស៊ីដនី): ព្រឹត្តិការណ៍ប្រណាំងកង់ Tour Down Under ឆ្នាំ២០២២ នៅប្រទេសអូស្ត្រាលី, ដែលគ្រោងនឹងធ្វើឡើង នៅខែមករានោះ, ត្រូវបានលុបចោលឆ្នាំទី២ជាប់គ្នា ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ។
អ្នករៀបចំកម្មវិធី បានបញ្ជាក់ថា ការដាក់ចេញវិធានការចត្តាឡីស័ក របស់ប្រទេសនេះ គឺជាឧបសគ្គចម្បង ក្នុងការនាំក្រុមកីឡាករ ទៅប្រទេសអូស្ត្រាលី។

(បើទោះបីជាមានការខិតខំប្រឹងប្រែង របស់អ្នកគ្រប់គ្នាក៏ដោយ, វាគឺមានការសោកស្តាយណាស់ ដែលយើងប្រកាសថា ព្រឹត្តិការណ៍ Santos Tour Down Under…នឹងមិនធ្វើឡើងនោះទេ ក្នុងឆ្នាំ២០២២ ) នេះបើតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
គួររំលឹកថា ការប្រណាំងបានធ្វើឡើងចុងក្រោយ ក្នុងឆ្នាំ២០២០។ អ្នករៀបចំកម្មវិធី បានឲ្យដឹងថា ពួកគេនឹងរៀបចំព្រឹត្តិការណ៍ក្នុងស្រុកមួយ ចាប់ពីថ្ងៃទី២១-២៩ ខែមករា ដែលគេហៅថា Santos Festival of Cycling នៅតាមដងផ្លូវ នៃទីក្រុង Adelaide និងរដ្ឋ South Australia៕


