ជំនន់ទឹកភ្លៀងលិចធ្ងន់ធ្ងរ ដោយត្រូវជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពមានចំនួនជិត១ពាន់គ្រួសារ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ : ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ បានរងគ្រោះដោយជំនន់ទឹកភ្លៀងលិចធ្ងន់ធ្ងរ ដោយត្រូវជម្លៀសប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាពមានចំនួនជិត១ពាន់គ្រួសារ គិតនៅត្រឹមថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រុងសិរីសោភ័ណមាន៧សង្កាត់ ស្មើ៣៨ភូមិ ត្រូវបានរងគ្រោះដោយទឹកជំនន់បានជន់លិចផ្ទះសំបែង មានចំនួន២,៧៧៧គ្រួសារ និងជម្លៀសប្រជាពលរដ្ឋដែលលិចស្ថានភាពធ្ងន់ធ្ងរមករកទីទួលសុវត្ថិភាព មានចំនួន៧៤៧គ្រួសារ ស្មើមនុស្សរាយចំនួន៣,០២២នាក់ ស្រី១,៥៤១នាក់ ។


រីឯដំណាំកសិកម្មដែលរងគ្រោះមានស្រូវ៥,៩៩៨ហិកាតា ដំឡូងមី៨១ហិកាត ដំណាំរួមផ្សំ៣២ហិកតា លិចសាលារៀន៧កន្លែង វត្តចំនួន១ទឹកលិចផ្លូវ១៥៣ខ្សែប្រវែង១០៣,៣៩៨ម៉ែត្រ ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា ស្រុកមង្គលបូរីមាន១០ឃុំ ដែលរងគ្រោះដោយទឹកជំនន់បណ្តាលលិចផ្ទះសំបែងប្រជាពលរដ្ឋចំនួន២,១៨៦គ្រួសារ ហើយត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន២២៩គ្រួសារ និងប៉ះពាល់ដំណាំកសិកម្មលិចស្រូវចំនួន៧,៥៣៨ហិកតា ដំណាំរួមផ្សំចំនួន២៣ហិកតា សត្វពាហនៈចំនួន១៣៩ក្បាល លិចសាលារៀន១១កន្លែង លិចវត្តចំនួន៣កន្លែង លិចផ្លូវ១០១ខ្សែ ប្រវែង៦៥,៣៣០ម៉ែត្រ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram