ឃាតករម្នាក់ទាញចបកាប់ កាប់ជនរងគ្រោះម្នាក់ ឲ្យស្លាប់ រួចទៅកាប់កញ្ចក់រថយន្តឲ្យបែក ហើយហក់ចូលរថយន្តតាមប្រឡោះកញ្ចក់ដែលបែកនោះ បណ្តាលឲ្យមុតក្បាល និងរយះពោះ ស្លាប់ដែរ ……

ខេត្តបាត់ដំបង៖ ឃាតករម្នាក់បានយកចបកាប់ដងឈើកាប់ទៅលើ ជនរងគ្រោះម្នាក់កំពុងដេកលើអង្រឹង ជាច្រើនចបកាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយសង្ស័យបានរត់ទៅកាប់បំបែកកញ្ចក់រថយន្តមួយគ្រឿងនៅក្បែរនោះឲ្យបែក រួចបានហក់ចូលក្នុងរថយន្តតាមប្រឡោះកញ្ចក់ដែលបែកនោះ បណ្តាលឲ្យបែកក្បាល និងមុតរយះពោះរងរបួសធ្ងន់ ហើយបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនដល់មណ្ឌលសុខភាព។

ករណីនេះបានកើតឡើងនៅវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុម១៣ ភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ។
ជនបង្កឈ្មោះ ង៉ូវ ណាក់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឆឹង រដ្ឋា ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិអំពិល ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មកស្នាក់នៅធ្វើចម្ការ នៅភូមិឃុំខាងលើ។

មុនពេលកើតហេតុ គេមិនដឹងថា ជនបង្ក និងជនរងគ្រោះ មានបញ្ហាអ្វីនឹងគ្នានោះទេ តែជនរងគ្រោះកំពុងដេកលើអង្រឹង ស្រាប់តែជនបង្កបានយកចបកាប់ដងឈើកាប់ទៅលើជនរងគ្រោះជាច្រើន ចបកាប់ បណ្តាលឲ្យស្លាប់ភ្លាមៗ ដោយពុំមានឱកាសក្រោកឡើងតដៃបានបន្ដិចឡើយ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានលីចបកាប់រត់ចេញ និងបានទៅទាក់នឹងរបងបន្លាលួស រួចរត់ទៅវាយរថយន្តរបស់បុរសម្នាក់ឈ្មោះ គង់ រៀម ភេទប្រុស អាយុ៣៣ឆ្នាំ បណ្តាលឲ្យបែកកញ្ចក់ ហើយជនសង្ស័យបានហក់ចូលក្នុងរថយន្តតាមប្រឡោះកញ្ចក់ដែលបែកនោះ បណ្តាលឲ្យមុតក្បាល និងរយះពោះ រងរបួសធ្ងន់។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន រួចបញ្ជូនមកមណ្ឌលសុខភាពបាសាក់ ដើម្បីព្យាបាលមុខរបួស ប៉ុន្តែពេលដល់មណ្ឌលសុខភាព អស់រយ:ពេលប្រមាណ ៣០នាទី ជនសង្ស័យក៏ដាច់ខ្យល់ស្លាប់ទៅ ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ និងសពឃាតករត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram