អាជ្ញាធរខេត្តកណ្ដាល បង្គាប់ឲ្យមានការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់នានា

(កណ្ដាល) : លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចគ្រប់ជំនាញតាមច្រកព្រំដែននៃស្រុកកោះធំ ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវបទល្មើសឆ្លងដែនខុសច្បាប់នានា ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត។


លោកបានដាក់បទបញ្ជាយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រងច្រកទ្វារព្រំដែននៅក្នុងភូមិសាស្ត្រស្រុកកោះធំ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តំណាងអភិបាលខេត្ត ដោយមានវត្តមានចូលរួមពី តំណាងស្នងការនគរបាលខេត្ត, សាខាគយនិងរដ្ឋាករខេត្ត, អាជ្ញាធរស្រុកកោះធំ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធផងដែរ។
លោកបានថ្លែងថា បំណងក្នុងការចុះទៅសិក្សានេះ គឺដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា និងដំណើរការចរាចរទំនិញទាំងផ្លូវទឹក និងផ្លូវគោក ខណ:ដែលការរឹតបន្តឹងបញ្ហាជំងឺកូវីដ១៩ បានធ្វើឡើង ពិសេសនៅខាងភាគីវៀតណាម កំពុងមានករណីផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
ក្នុងកិច្ចប្រជុំនេះលោក ណុប ដារ៉ា បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ប្រធានច្រកទ្វារព្រំដែន និងមេបញ្ជាការកងកម្លាំងសមត្ថកិច្ចឈរជើងតាមព្រំដែន ត្រូវណែនាំមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់បំពេញតួនាទីឲ្យបានម៉ឺងម៉ាត់។
ក្នុងឱកាសនោះ លោកបានផ្តាំផ្ញើដល់មេបញ្ជាការកងកម្លាំង សមត្ថកិច្ចឈរជើងនៅព្រំដែន ណែនាំបងប្អូនកងកម្លាំងថែរក្សាសុខភាព និងអនុវត្តវិធានការសុខាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ( ៣ការពារ និង៣កុំ ) ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាននៃជំងឺកូវីដ-១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram