បុរស២នាក់ រួមទាំងអាវុធខ្លីមួយដើម ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការសាកសួរ

រាជធានីភ្នំពេញ : បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរស២នាក់ រួមទាំងអាវុធខ្លីមួយដើម ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ឃាត់ខ្លួន រួចប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការសាកសួរ បន្ទាប់ពីជនសង្ស័យទាំង២នាក់នោះ បានយកកាំភ្លើងខ្លីមកភ្ជង់បាញ់ប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្សារមិនរៀបរយ ស្ថិតក្នុងភូមិចំរើនផល ក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ដែលត្រូវកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនយកទៅសាកសួរនេះ នៅមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ត្រូវបានកម្លាំងដកហូតកាំភ្លើងប្រើហ្គាស១ដើម និងម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA4622 មួយគ្រឿង ។


តាមប្រភពពីអ្នកលក់ដូរនៅចំណុចកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដែលគេស្គាល់ថា គឺជាបងធំនៅតំបន់នោះ បានដើរមកសួរនាំអ្នកលក់ដូរសាច់ជ្រូកនៅតំបន់ផ្សារមិនរាបរៀបរយ លុះពេលនិយាយសួរនាំ អ្នកលក់ដូរសាច់ជ្រូកមិននិយាយតបជាមួយនោះទេ ព្រោះថា ជាមនុស្សដែលសង្គមមិនរាប់រក ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីនិយាយគំរោះគំរើយដាក់អ្នកលក់ដូរហើយ បុរសរូបនោះក៏បានដើរទៅបាត់មួយសន្ទុះ លុះពេលត្រឡប់មកវិញក៏មានគ្នា២នាក់បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស មួយគ្រឿង មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែដៃគូបុរសរូបនោះ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់បាញ់គំរាមប្រជាពលរដ្ឋលក់ដូរនៅទីនោះ តែចៃដន្យកាំភ្លើងនោះបាញ់មិនចេញសោះ ហើយក៏ត្រូវបងប្អូនប្រជាពលរដ្ឋនៅទីនោះបានសហការគ្នាព្រួតចាប់យកកាំភ្លើងបាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើង ហើយក៏បានទាក់ទងហៅកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ អោយមកធ្វើការឃាត់ជនសង្ស័យទាំង២នាក់នោះតែម្ដង ។
ហើយនៅពេលកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ មកដល់ក៏ឃើញថា កាំភ្លើងរបស់ជនសង្ស័យ គឺជាកាំភ្លើងប្រើហ្គាស មិន មែនជាកាំភ្លើងប្រើគ្រាប់ពិតនោះទេ ។ ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាំង ក៏ដូចជាសាក្សីប្រជាពលរដ្ឋ ត្រូវបានកម្លាំងនាំខ្លួនយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram