ក្លិប Forest បញ្ចប់តួនាទីអ្នកចាត់ការ Hughton ក្រោយបរាជ័យលើកទី៦ នៅ Championship
(ណតធីងហេមសឺ) ក្លិបបាល់ទាត់ Nottingham Forest របស់អង់គ្លេស បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ លោក Chris Hughton ចេញពីតំណែង បន្ទាប់ពីរងការបរាជ័យលើកទី៦ នៅក្នុងការប្រកួតចំនួន៧លើករបស់ពួកគេនៅលីគ Championship (លីគលំដាប់ទី២) ក្នុងរដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ក្លិប Forest ដែលស្ថិតនៅបាតតារាងនោះ បានចាញ់ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជាមួយក្រុម Middlesbrough កាលពីថ្ងៃពុធ។
«Nottingham Forest សូមបញ្ជាក់ថា លោក Chris Hughton ត្រូវបានបញ្ចប់តួនាទី ឮជាអ្នកចាត់ការក្រុមជម្រើសដំបូងហើយ»។ នេះបើតាមក្លិបបានលើកឡើង។ (លោក Steven Reid នឹងទទួលតួនាទីដឹកនាំក្រុមជម្រើសដំបូងជាបណ្តោះអាសន្ន ក្នុងនាមជាគ្រូ បង្គោល ស្តីទី )។
គួររំលឹកថា លោក Hughton បានមកកាន់តួនាទីដឹកនាំក្រុម Forest កាលពីខែតុលាឆ្នាំមុន ប៉ុន្មានខែបន្ទាប់ពីចាកចេញពីក្លិប Brighton & Hove Albion និងបានដឹកនាំក្រុមពីចំណាត់ថ្នាក់បាតតារាងលីគ Championship មកបញ្ចប់ត្រឹមលេខរៀងទី១៧ ក្នុងរដូវកាលដំបូងរបស់លោក នៃការដឹកនាំ៕


