ស្ត្រីមេម៉ាយកូន៣ ខកចិត្តនឹងរឿងស្នេហាលើកទី២ មិនសមដូចបំណង ព្រោះមនុស្សប្រុសដែលខ្លួនស្រលាញ់ស្មើជីវិតរស់នៅបានត្រឹមលួចលាក់

រាជធានីភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន៣ ខកចិត្តនឹងរឿងស្នេហាលើកទី២ មិនសមដូចបំណង ព្រោះមនុស្សប្រុសដែលខ្លួនស្រលាញ់ស្មើជីវិតរស់នៅបានត្រឹមលួចលាក់ ម្តងសប្បាយ ម្តងកើតទុក្ខ ពេលរីករាយមានតិចតួច ពេលឈឺចិត្តមានស្ទើររាល់ថ្ងៃ រហូតធ្វើគាត់សុញគំនិតគិតខ្លីចង់បញ្ចប់ជីវិតដោយការលោតទឹក តែមិនសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារថ្មី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


ស្ត្រីដែលប៉ុនប៉ងលោតទឹកតែមិនបានសម្រេចខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ខ្លីថា មានអាយុ២៧ឆ្នាំ ជាស្ត្រីម៉េម៉ាយកូន៣ បច្ចុប្បន្នស្នាក់នៅផ្ទះម្តុំផ្សារទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
បើតាមស្ត្រីមេម៉ាយកូន៣ខាងលើ បានឱ្យដឹងថា សព្វថ្ងៃនេះ គាត់មានវិបត្តិផ្លូវចិត្តរឿងស្នេហា ព្រោះប្តីទី២ ដែលគាត់រស់នៅជាមួយសព្វថ្ងៃនេះ គឺជាប្តីគេ ដែលមិនអាចបោះបង់ចោលគ្រួសារគាត់មកយកនាងពេញមុខបានទេ ។ រាល់ថ្ងៃ គាត់ត្រូវរស់នៅលួចលាក់ ពេលប្តីគាត់សប្បាយចិត្តក៏មករកគាត់ដោយស្នាមញញឹមពោរពេញដោយក្តីសុខ តែពេលប្តីគាត់មានបញ្ហាពីក្រៅ បានយកកំហឹងទាំងនោះមកទំលាក់លើរូបគាត់ទៅវិញ ធ្វើអោយគាត់រស់រងនូវសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ព្រោះតែពាក្យថាស្រលាញ់ តែកម្មក្រាស់ស្នេហ៍ប៉ះប្តីគេ ចង់ដកខ្លួនចេញ តែធ្វើចិត្តមិនបាន។


ប្រភពដដែលបានបន្តទៀតថា កន្លងមក គាត់ក៏ធ្លាប់ចង់បញ្ចប់ជីវិតខ្លួនឯងម្តងរួចទៅហើយ តែមិនបានសម្រេច ព្រោះប្តីហាមឃាត់ទាន់ ។ លុះនៅយប់នេះ គាត់បានទាស់ពាក្យសម្ដីគ្នាជាមួយនឹងប្តី តែមិនបានបញ្ជាក់ថា ឈ្លោះគ្នារឿងអ្វីនោះទេ ធ្វើឲ្យគាត់គិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលើស្ពានជ្រោយចង្វារម្តងទៀត ក្នុងចិត្តគិតចង់លោតទឹកបញ្ចប់ជីវិតខ្លួនឯង តែអាណិតកូនទាំង៣នាក់ ខ្លាចកំព្រាអត់អ្នកមើលថែ ទើបក្នុងចិត្តមានភាពស្ទាក់ស្ទើរ ក៏ឈរលើស្ពានជ្រោយចង្វាមួយសន្ទុះធំតែម្នាក់ឯង តែក៏ត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ប្រទះឃើញចូលទៅសួរនាំដឹងរឿង រួចក៏ឃាត់គាត់ជាប់តែម្តង ។
បន្ទាប់ពីឃាត់ស្ត្រីខាងលើជាប់ហើយ ក៏មានប្រជាពលរដ្ឋចិត្តល្អបានព្យាយាមនិយាយលួងលោមនូវពាក្យសម្តីល្អៗ ជាពាក្យលើកទឹកចិត្ត និងដំបូន្មាល្អៗ ក៏ដូចជាបទសោធន៍ជីវិត អោយចេះអត់ធ្មត់តស៊ូ ព្យាយាម រហូតធ្វើឲ្យនារីរងគ្រោះនោះទន់ចិត្ត លែងចង់គិតខ្លី ដល់ថ្នាក់ធ្វើអោយគាត់លើកសំពះដៃអរគុណទាំងទឹកភ្នែកហូរ ព្រមត្រឡប់ទៅផ្ទះវិញដោយទឹកមុខរីករាយ និងសន្យាថា នាងខ្ញុំឈប់គិតបែបនេះទៀតហើយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram