ចាប់វាយខ្នោះជនឆបោកប្រាក់ ជាង២៤ម៉ឺនដុល្លារអាមេរិក…
រាជធានីភ្នំពេញ៖ បុរសម្នាក់មិនខំប្រឹងធ្វើអំពើល្អ រកស៊ីដោយសុចរិត ដែលសង្គមរាប់រកទេ បែរជាប្រព្រឹត្ដអំពើទុច្ចរិត ឆបោកប្រាក់គេ ជាង២៤ម៉ឺនដុល្លារ ហើយគេចខ្លួន អស់រយៈពេលជិត២ឆ្នាំ តែចុងក្រោយ ក៏នៅតែរត់មិនរួច ពីខ្នោះរបស់សមត្ថកិច្ច និងត្រូវប៉ូលិសនាំទៅឲ្យហូបបាន នៅក្នុងគុកវិញ ទើបឆ្ងាញ់ជាង។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ សៀង សីហា មានការជាប់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា អស់ចំនួនជាង២៤ម៉ឺនដុល្លារអាមេរិក តាមរយៈចេញសែកស្អុយ។ ជនជាប់ចោទ ឈ្មោះ សៀង សីហា ត្រូវបានលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកា បង្គាប់ឲ្យចាប់ខ្លួន តាំងពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨មកម្ល៉េះ។ ប៉ុន្ដែក្រោយមក គេបានរត់គេចខ្លួន អស់រយៈពេលជិត២ឆ្នាំ ហើយទើបតែពេលនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា មុនពេលឃាត់ខ្លួន ឈ្មោះ សៀង សីហា បានចេញមូលប្បទានបត្រធនាគារស៊ីអាយអិបប៊ី ភីអិលស៊ី ជាច្រើនសន្លឹក ឲ្យទៅក្រុមហ៊ុន ស៊ីផិក ខេមបូឌា ជាការទូទាត់សងប្រាក់ តែមូលប្បទានបត្រនោះ មិនអាចបើកប្រាក់បាន (សែកគ្មានសាច់ប្រាក់)។ លុះក្រោយមក ក្រុមហ៊ុនបានប្ដឹងចោទប្រកាន់លើជននេះ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ និងចេញដីកាចាប់ខ្លួនឈ្មោះ សៀង សីហា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់។ក្រោយពេលឃាត់ខ្លួន លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួន ជនជាប់ចោទ ដាក់ពន្ធនាគារជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំបើកសវនាការ នាពេលក្រោយ៕
