អាជ្ញាធរបញ្ជាក់ករណីក្រុមហ៊ុនកំពុងធ្វើអាជីវកម្មដឹកខ្សាច់នៅជើងភ្នំប៉ាយ៉ង់កោ…
ខេត្តតាកែវ ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្បែរជើងភ្នំប៉ាយ៉ង់កោ ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែព្រួយបារម្មបាត់បង់ភ្នំប្រវត្តិសាស្ត្រប៉ាយ៉ង់កោមួយនេះ ដោយសារតែពួកគាត់បានឃើញ មានក្រុមហ៊ុនជាច្រើន កំពុងធ្វើអាជីវកម្មជីកយកដី និងខ្សាច់នៅតាមជើងភ្នំដឹកចែកចាយលក់រាប់រយរាប់ពាន់ឡានក្នុងមួយថ្ងៃៗ។

បញ្ហានេះ ត្រូវបានមន្ទីរខេត្តតាកែវ បញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មកាយដី និងខ្សាច់តាមជើងភ្នំ សុទ្ធតែជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ប្រសិនបើក្រុមហ៊ុនទាំងនោះ កំពុងធ្វើអាជីវកម្មខុសច្បាប់មែន អាជ្ញាធរនឹងចុះផ្អាកសកម្មភាពភ្លាមៗ។
ប្រជាពលរដ្ឋរស់ក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា មួយថ្ងៃៗឡានដឹកដីរាប់រយរាប់ពាន់ជើងចេញពីការដ្ឋានខ្សាច់ ការដ្ឋានដី តាមដំបន់ជើងភ្នំសឹងតែស្រុតផ្លូវកៅស៊ូអស់ហើយ ពិសេសហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់ក្មេងៗសិស្សសាលានិងអ្នកដំណើរអាចកើតមានគ្រប់ពេល ព្រោះតែក្រុមឡានដឹកខ្សាច់និងដីទាំងនោះបើកបរមិនប្រណីដៃ។

ប្រភពដដែលបន្តថា កន្លងមកធ្លាប់មានអាជ្ញាធរចុះមកផ្អាក់ក្រុមហ៊ុនមួយក្បែរផ្ទះគាត់មិនឲ្យកាយខ្សាច់នៅជើងភ្នំនេះ តែក្រោយមកក៏ស្រាប់តែមានក្រុមហ៊ុនផ្សេងមកធ្វើអាជីវកម្មនៅទីតាំងចាស់ដដែលរហូតមកដល់សព្វថ្ងៃនេះ គ្មានឃើញអាជ្ញាធរណាមកអើតមើលនោះទេ។ ខ្លាចភ្នំនេះរលំ ព្រោះបើកាយយកដីនិងខ្សាច់រាប់រយរាប់ពាន់ឡានតាមជើងភ្នំប៉ាយ៉ង់កោជ្រៅៗយ៉ាងនេះ។

មិនអាចសុំការបញ្ជាក់ពីលោក ស៊ុត ខុន អភិបាលស្រុកគីរីវង់បានទេនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
លោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះថា រាល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មខ្សាច់និងអាចម៍ដីបានគឺគេមានអាជ្ញាប័ណ ម្យ៉ាងទៀតគ្មានការកាយដីនិងខ្សាច់នៅជើងភ្នំប៉ាយ៉ងកោទេ។ ពលរដ្ឋលោកមិនដឹងច្បាស់ ហើយដីនៅការដ្ឋានទាំងអស់ដែលកាយគេសុទ្ធតែមានប្លង់។ ការងារកាយយកអាចម៍និងខ្សាច់ គឺឃុំនិងស្រុកជាអ្នកទទួលខុសត្រូវសព្វថ្ងៃនេះ ដូច្នេះបើគ្មានច្បាប់ទម្លាប់ ច្បាស់ជាគេចុះទៅផ្អាកហើយ៕
