អឺរ៉ុបស្វែងរកការពង្រឹងសមត្ថភាពយោធាផ្ទាល់ខ្លួន ក្រោយរដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនៅអាហ្វហ្គានីស្ថាន បានដួលរលំយ៉ាងលឿនរហ័សហួសពីការរំពឹងទុក

(អឺរ៉ុប) ប្រធានប្រតិបត្តិរបស់សហភាពអឺរ៉ុប (EU) លោកស្រី Ursula von der Leyen នៅថ្ងៃពុធនេះ បានថ្លែងថា អឺរ៉ុបនឹងស្វែងរកការបង្កើនសមត្ថភាពយោធាផ្ទាល់ខ្លួន បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយអាមេរិកនៅអាហ្វហ្គានីស្ថាន និងបានប្រកាសពីកិច្ចប្រជុំកំពូលការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។


លោកស្រី von der Leyen បានប្រាប់សភាអឺរ៉ុប នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់សហភាពអឺរ៉ុបថា ( វាគឺដល់ពេលហើយ ដែលអឺរ៉ុបត្រូវឈានទៅរកកម្រិតបន្ទាប់ )។
លោកស្រីបានគូសបញ្ជាក់ថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងរៀបចំកិច្ចប្រជុំកំពូលស្តីពីការការពារជាតិអឺរ៉ុប ក្នុងអំឡុងអាណត្តិដែលបារាំងដឹកនាំរយៈពេល ៦ខែ ដោយចាប់ផ្តើមនៅឆ្នាំថ្មី។
គួរបញ្ជាក់ថា ទីក្រុងប៉ារីសបាន និងកំពុងដឹកនាំការជំរុញឱ្យសហភាព ២៧ប្រទេស អភិវឌ្ឃន៍សមត្ថភាពយោធាស្វយ័តបន្ថែមទៀត ជាមួយការរក្សាសម្ព័ន្ធមិត្តលោកខាងលិច ដែលជាប្រពៃណីដឹកនាំដោយអាមេរិក ខណៈដែលការដួលរលំយ៉ាងឆាប់រហ័ស នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានគាំទ្រដោយអាមេរិក បានធ្វើឱ្យមានការជជែកពិភាក្សាគ្នាកាន់តែខ្លាំងឡើង នៅទីក្រុងព្រុចសែល អំពីតួនាទីរបស់សហភាពអឺរ៉ុប៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram