អាជ្ញាធរខេត្តកំណ្តាល ផ្អាកដំណើរការអាជីវកម្មផ្សារសំរោងធំ នៅឃុំសៅរោងធំ ស្រុកកៀនស្វាយ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ និងមេរោគបំប្លែងថ្មី Delta

(កណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារសំរោងធំ ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានថិរវេលាអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីប្រភេទ Delta។


បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានផ្អាកដំណើរការអាជីវកម្មផ្សារសំរោងធំ ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានថិរវេលាអនុវត្តសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta)»។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានឱ្យដឹងថា ចំពោះសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅធ្វើតេស្តជាបន្ទាន់ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើកលែងតែករណីចាំបាច់ ដូចជា ការអនុវត្តវិធានការសុខាភិបាលរបស់បុគ្គលិកសុខាភិបាល ការផ្តល់សំណាកនៅទីតាំង ដែលបានកំណត់ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរបស់គណៈកម្មការផ្សារ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងដោយត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ជាចាំបាច់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram