មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវចោទពីបទ ( ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស )

(ភ្នំពេញ)៖ ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយឡែក អ្នកបើកបរត្រូវបានចោទប្រកាន់ពីបទ «បើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក» ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៧៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។។
បើតាមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន CPNS News ឲ្យដឹងថា ការចោទប្រកាន់បុគ្គលទាំងពីរ ធ្វើឡើងដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។


កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។
ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ដោយឡែកមន្ត្រីនគរបាលដែលប្រើហិង្សា ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram