ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ M79 (M381) USA មួយគ្រាប់ក្បែរគល់ឈើ

ខេត្តសៀមរាប ៖ កម្មករ និងក្រុមការងារចំនួន១៨នាក់ ក្នុងនោះស្រី៣នាក់ ដែលកាប់ជីកដីធ្វើផ្លូវ ធ្វើលូ និងកប់ខ្សែភ្លើង ខ្សែកាប ខណៈពេលកំពុងតែឈូសឆាយតាមមាត់ស្ទឹងសៀមរាបនោះ ក៏ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ M79 (M381) USA មួយគ្រាប់ក្បែរគល់ឈើ រួចហើយក៏ប្រគល់ឱ្យទៅសមត្ថកិច្ចមូលដ្ឋាន និងប្រគល់បន្តឱ្យកម្លាំងនគរបាលការិយាល័យជំនាញ ដើម្បីយកទៅប្រគល់ឱ្យក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា យកទៅរក្សាទុក ដើម្បីកម្ទេចចោលផងដែរ ។


ហេតុការណ៍ប្រទះគ្រាប់ M79 មួយគ្រាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនោះកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីឈូសឆាយ តាមមាត់ស្ទឹង ត្រើយខាងកើតឆៀងខាងត្បូងស្ពានបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរា ប្រហែល១៥០ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បើតាមប្រភពពីមន្ត្រីនគរបាលការិយាល័យជំនាញ បានប្រាប់នៅវេលាម៉ោង៨យប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នេះថា មានករណីកម្មករ និងក្រុមការងារចំនួន១៨នាក់ ក្នុងនោះស្រី៣នាក់ បានកាប់ជីកដី ធ្វើផ្លូវ ធ្វើលូ និងកប់ខ្សែភ្លើង ខ្សែកាប បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ M79 (M381) USA នៅក្បែរគល់ឈើ។
ប្រភពដដែលបានបន្តថា ករណីខាងលើនេះ ខាងស៊ីម៉ាក់ បានមកសហការ និងដកហូតយកទៅកន្លែង ស៊ីម៉ាក់ និងមន្ត្រីស៊ីម៉ាក់ បានធ្វើការផ្សព្វផ្សាយពន្យល់ដល់កម្មករ និងក្រុមការងារចំនួន១៨នាក់ខាងលើ ដែលកាប់ជីកដី ធ្វើផ្លូវ ធ្វើលូ និងកប់ខ្សែភ្លើង ខ្សែកាប ជាដើម ឱ្យបានយល់ដឹងអំពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងមានការប្រុងប្រយ័ត្ន ព្រមទាំងសហការរាយការណ៍ឱ្យសមត្ថកិច្ច នៅពេលឃើញគ្រាប់ទាំងនោះ។
បច្ចុប្បន្ន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ ត្រូវបានក្រុមការងារ មជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា យកទៅរក្សាទុក ដើម្បីកម្ទេចចោល ក្រោយពីបានចុះទៅពិនិត្យដល់ទីតាំង កន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram