យុវជនជនជាតិខ្មែរអ៊ិស្លាមម្នាក់ ត្រូវបានរន្ទះបាញ់ធ្លាក់ពីលើទូក បណ្តាលអោយលិចបាត់ទៅនៅក្នុងទន្លេ ខណៈពេលដែលកំពុងតែចែទូកទៅលេងជីដូន
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យុវជនជនជាតិខ្មែរអ៊ិស្លាមម្នាក់ ត្រូវបានរន្ទះបាញ់ធ្លាក់ពីលើទូក បណ្តាលអោយលិចបាត់ទៅនៅក្នុងទន្លេ ខណៈពេលដែលកំពុងតែចែទូកទៅលេងជីដូន ស្របពេលមេឃកំពុងតែរកធ្លាក់ភ្លៀងផង និងមានផ្គររន្ទះផង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចទន្លេសាប នៅចម្ងាយប្រមាណ១៥០ម៉ែត្រពីច្រាំងទន្លេផ្នែកខាងលិច ស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

យុវជនរងគ្រោះខាងលើត្រូវបាននគរបាលអោយដឹងថា មានឈ្មោះ លី រូហ្សាក់ អាយុ១៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ មានទីលំនៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា យុវជនរូបនោះ ត្រូវបានរន្ទះបាញ់នៅពេលដែលកំពុងតែចែទូក និងនិយាយទូរស័ព្ទ ខណៈពេលមេឃរកភ្លៀង និងមានផ្គររន្ទះផងដែរ ។ ហើយនៅក្នុងហេតុការណ៍នេះ បណ្តាលអោយទូកក៏ត្រូវរន្ទះបាញ់ ធ្វើឱ្យរយះក្តាចំហៀងខាងស្តាំផងដែរ។

តាមព័ត៌មានអោយដឹងទៀតថា នៅមុនកើតហេតុ ជនរងគ្រោះបានបើកទូករបស់ខ្លួនចេញពីផ្ទះនៅត្រើយខាងកើត ក្នុងគោលបំណងមកលេងផ្ទះជីដូនបង្កើតឈ្មោះ ម៉ាន ផាតទីម៉ាស់ អាយុ៦៧ឆ្នាំ ដែលមានទីលំនៅផ្ទះលេខ២៩៣ ផ្លូវជាតិលេខ៥ ក្រុម២ ស្ថិតក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះ១។

ប្រភពដដែលបន្តថា នៅពេលធ្វើដំណើរមកដល់កណ្តាលទន្លេនោះ ស្រាប់តែទូកអស់សាំង ហើយជនរងគ្រោះក៏បានចែវទូកបណ្តើរ លើកទូរស័ព្ទនិយាយបណ្តើរ ខណៈពេលនោះមេឃរកភ្លៀងផង ថែមទាំងមានផ្គរ និងរន្ទះ ស្រាប់តែរន្ទះបាញ់ជនរងគ្រោះបណ្តាលអោយធ្លាក់ពីលើទូកលិចបាត់ក្នុងទឹកទន្លេតែម្តង។ ចំណែកទូកវិញ ត្រូវរន្ទះបាញ់បែកក្តារចំហៀងខាងស្តាំផ្នែកខាងមុខរងការខូចខាត។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីមានគ្រោះថ្នាក់ខាងលើភ្លាម ក៏បង្កអោយមានការភ្ញាក់ផ្អើល និងមានភ្លៀងបានបង្អុរធ្លាក់យ៉ាងខ្លាំងផងដែរ។ ក្រោយពេលកើតហេតុ សាកស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារកំពុងតែស្វែងរកជនរងគ្រោះហើយ ៕

