ភ្លៀងបានធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល បានធ្វើឲ្យជន់លិចនៅតាមដងផ្លូវមួយចំនួន ជាពិសេសនៅស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បង្កការកកស្ទះចរាចរណ៍មួយអន្លើ ផងដែរ
រាជធានីភ្នំពេញ ៖ ភ្លៀងបានធ្លាក់ខ្លាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល នាវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើឲ្យជន់លិចនៅតាមដងផ្លូវមួយចំនួន ជាពិសេសនៅស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បង្កការកកស្ទះចរាចរណ៍មួយអន្លើ ផងដែរ ។

ដោយឡែកបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០១ កញ្ញានេះបានអោយដឹងថា ក្នុងរយៈពេល ១៨ថ្ងៃ ដែលមានភ្លៀងធ្លាក់ សង្កេតឃើញថា ក្រោយពីដាក់អោយដំណើរការលូខ្នាតធំ អាងក្រោមដី ម៉ាស៊ីនកាយសំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មី វត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរ នៅជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ និងផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ មិនរងការលិចទឹកទៀតទេ ។

មន្ទីរសាធារណៈការរាជធានីភ្នំពេញ បន្តទៀតថា ទន្ទឹងនឹងនេះ ការដ្ឋានក៏បានដាក់អោយដំណើរការលូខ្នាតធំ បណ្តោះអាសន្ន នៅភូមិសាស្ត្រសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ក្នុងរយៈពេល៣ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខវិទ្យាល័យឥន្ទ្រទេវី មានភាពល្អប្រសើរមិនរងការលិចទឹកទៀតដែរ ។

ជាមួយគ្នានេះដែរ មន្ទីរសាធារណៈការរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់ សូមចូលរួមសម្អាតសំរាមកកស្ទះមុខអណ្តូងលូ នៅមុខផ្ទះរៀងៗខ្លួន ។

សូមរម្លឹកថា លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានឲ្យដឹងដែរថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បើគិតមកដល់ត្រឹមចុងខែសីហា ឆ្នាំ២០២១នេះ ការសាងសង់ទាំងមូល សម្រេចលទ្ឋផលបាន ៨០ភាគរយ នៃគម្រោងហើយ ខណៈតាមកម្មវិធីការងារ ការដ្ឋាននេះ នឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ។ លោកបន្តថា ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ ៕






