ចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។


នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១,១៨៦.៥០លីត្រ ដែលបានដាក់តាំងលក់នៅតាមបណ្តាឱសថស្ថាន និងផ្ទះលក់ទំនិញនានា ។

បន្ទាប់ពីបានរកឃើញការចរាចរណ៍អាល់កុលក្លែងក្លាយទាំងនេះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវរកប្រភពផ្គត់ផ្គង់ និងឈានទៅកំណត់ទីតាំងឃ្លាំងស្តុក និងចែកចាយមួយកន្លែង ដែលស្ថិតនៅសង្កាត់ទឹល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ដោយទទួលបានកិច្ចសហការពីស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ទទួលផែនសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងស្តុកខាងលើ ដោយបានរកឃើញ អាល់កុលក្លែងក្លាយឬមេតាណុលចំនួន ៧៥៦ប៊ីដុង និង៧៩១យួរ ស្មើនឹង ២៧,៤២៦លីត្រ បន្ថែមទៀត ។

សរុបអាល់កុលក្លែងក្លាយដែលបង្ក្រាបបាននៅថ្ងៃនេះ មានចំនួន២៨,៦១២.៥០លីត្រ ដែលមានទម្ងន់ប្រមាណជាង២៨តោន ។ បច្ចុប្បន្ន អាល់កុលក្លែងក្លាយខាងលើត្រូវបានឃាត់ទុកជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕





