ជនជាតិចិនម្នាក់ បានដុតក្រដាសមុខបន្ទប់ បណ្តាលឲ្យឆេះរាលដាលសំភារៈគ្រឿងសំណង់ឆេះផ្អើលសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ថៅកែជនជាតិចិនម្នាក់ បានដុតក្រដាសមុខបន្ទប់ បណ្តាលឲ្យឆេះរាលដាលសំភារៈគ្រឿងសំណង់ឆេះផ្អើលសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅឃ្លាំងស្តុកអីវ៉ាន់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។


តាមប្រភពព័ត៌មានពីស្ដ្រីចុងភៅម្នាក់ដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ថៅកែជនជាតិចិនម្នាក់បានដុតក្រដាសនៅមុខទ្វារបន្ទប់ធ្វើឲ្យមានអណ្តាតភ្លើង ហើយក៏ឆាបឆេះរាលដាលទៅដល់គំនរសំណាញ់ដែកច្រកដោយបេជាដុំៗដែលបានគរមុខទ្វារនោះយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដដែលបន្តថា ហើយភ្លាមៗនោះ ក៏ត្រូវបានកម្មករដែលធ្វើការនៅទីតាំងខាងលើនេះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនរលត់នោះទេ ហើយកម្មករក៏បាននាំគ្នាយកទឹកមកជះទៀតទើបរលត់ទៅវិញ ។ បន្ទាប់មកប្រជាពលរដ្ឋក៏បានប្តឹងសមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចដឹកនាំដោយលោកនាយប៉ុស្តិ៍ចោមចៅទី៣ មកដល់ចំណុចកើតហេតុភ្លាមៗពិនិត្យមើលជាក់ស្តែងឃើញថា ភ្លើងបានរលត់ទៅវិញ ក៏បានរាយការណ៍ទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានណែនាំដល់អ្នកដែលរស់នៅទីតាំងកន្លែងកើតហេតុ សូមមេត្តាប្រុងប្រយ័ត្ន កុំដុតអ្វីផ្តេសផ្តាស ខ្លាចឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង ៕




