ទីបំផុត! Ronaldo ក្លាយជាកីឡាករ Manchester United វិញជាផ្លូវការ ក្រោយចាកចេញ ១២ឆ្នាំ
(ក្រុងឡុងដ៍)៖ ក្លិបបិសាចក្រហម Manchester United បានចុះកិច្ចសន្យាទិញខ្សែប្រយុទ្ធ Cristiano Ronaldo ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ២៥លានអឺរ៉ូ។

យោងតាមការចុះផ្សាយដោយសារព័ត៌មានបរទេសល្បីៗ នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហានេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ មានរយៈពេល ២ឆ្នាំ គឺរហូតដល់ឆ្នាំ ២០២៣ ហើយក្លិបផ្តល់ឲ្យគាត់ ជាង ៥៥ម៉ឺនអឺរ៉ូក្នុង១សប្តាហ៍ (៤៨០,០០០ផោន)។

ក្លិបបិសាចក្រហម ក៏បានប្រកាសលើបណ្តាញសង្គមយ៉ាងដូច្នេះ៖ «Manchester United មានសេចក្តីសោមនស្សរីករាយក្នុងការបញ្ជាក់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងជាមួយ Juventus ក្នុងការផ្ទេរកីឡាករ Cristiano Ronaldo»។

សូមជម្រាបថា ក្លិប Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូ ជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩។
តាមពិតទៅ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៦ឆ្នាំ នៅសល់ពេល មិនដល់ ១០ខែទៀតទេ សម្រាប់ការលេងនៅ Juventus មុនវិលមកទ្រនំចាស់វិញ៕





