ផ្ទុះធ្លាយក្លាយជាអគ្គីភ័យឆាបឆេះ បណ្តាលអោយរងរបួសធ្ងន់-ស្រាលចំនួន៣នាក់ ខណៈពេលដែលម្ចាស់បានកំដៅសម្លដើម្បីរៀបចំហូបចុក បន្ទាប់ពី សែនក្បាលទឹក…


រាជធានីភ្នំពេញ ៖ ធុងហ្គាស១៥គីឡូក្រាម បានផ្ទុះធ្លាយក្លាយជាអគ្គីភ័យឆាបឆេះ បណ្តាលអោយរងរបួសធ្ងន់-ស្រាលចំនួន៣នាក់ ខណៈពេលដែលម្ចាស់បានកំដៅសម្លដើម្បីរៀបចំហូបចុក បន្ទាប់ពី សែនក្បាលទឹករួច ។ ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋអ្នកជិតខាងក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ នាំគ្នាបាញ់ពន្លត់ទាន់ពេលវេលា គ្រាន់តែឆាបឆេះរងការខូចខាតសម្ភារៈមួយចំនួននៅក្នុងផ្ទះបាយតែប៉ុណ្ណោះ។
ហេតុការណ៍ខាងលើនេះ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមនគរបាលអោយដឹងថា ជនរងគ្រោះនៅក្នុងការផ្ទុះចង្ក្រានហ្គាសនេះ ១- ឈ្មោះ វ៉ន សោភណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ផ្ទះខាងលើ បានរងរបួសស្រាល, ២- ឈ្មោះវ៉ាន់ ពីត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានរងរបួសធ្ងន់ និង៣- ឈ្មោះលី ណាធី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ បានរងរបួសធ្ងន់។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសាបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីចប់សែនក្បាលទឹករួចរាល់ ជនរងគ្រោះ ឈ្មោះវ៉ាន់ ពីត និងឈ្មោះលី ណាធី បានមកលេង ហើយនៅវេលារសៀលនោះ ម្ចាស់ផ្ទះឈ្មោះវ៉ន សោភណ្ឌ ក៏បានរៀបចំកំដៅសម្ល ដើម្បីជួបជុំភ្ញៀវហូបបាយ ស្រាប់តែផ្ទុះចង្ក្រានហ្គាសធុងចំណុះ១៥គីឡូក្រាម បណ្តាលអោយឆាបឆេះ និងបណ្តាលអោយរងរបួសធ្ងន់-ស្រាលចំនួន៣នាក់តែម្តង។
តាមព័ត៌មានអោយដឹងថា ភ្លាមៗនោះ បានប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហើយបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ទាន់ពេលវេលា ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងថា បណ្តាលមកពីអ្វីនោះទេ បានជាផ្ទុះចង្ក្រានហ្គាសបែបនេះ ។ ប៉ុន្តែគេមានការសង្ស័យថា ប្រហែលជាធ្លាយទុយោហ្គាសហើយ ទើបបណ្តាលអោយឆាបផ្ទុះចង្ក្រានឆាបឆេះតែម្តង។
តាមនគរបាលអោយដឹងថា នៅក្នុងហេតុការណ៍ខាងលើនេះ ធ្វើឱ្យមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់-ស្រាល ហើយសម្ភារៈនៅចង្ក្រានបាយបានរងការូចខាតផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram