ស្នូរអាវុធ បានផ្ទុះឡើងជាច្រើន ប្រៀបដូចការបាញ់ប្រហារគ្នា កណ្តាលរាជធានីភ្នំពេញ តែគឺជាការផ្ទុះអាវុធរបស់សមត្ថកិច្ច ក្នុងការបង្ក្រាប និងឃាត់ខ្លួន ក្រុមជួញដូរគ្រឿងញៀន…


រាជធានីភ្នំពេញ៖ ស្នូរអាវុធ បានផ្ទុះឡើងជាច្រើន ប្រៀបដូចការបាញ់ប្រហារគ្នា កណ្តាលរាជធានីភ្នំពេញ តែគឺជាការផ្ទុះអាវុធរបស់សមត្ថកិច្ច ការិយាល័យ ក៧ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បាញ់គំរាម ក្នុងការបង្ក្រាប និងឃាត់ខ្លួន ក្រុមជួញដូរគ្រឿងញៀន នៅតាមដងផ្លូវ ដោយឃាត់បានជនសង្ស័យ ២នាក់ ព្រមទាំងដកហូត បានរថយន្តមួយគ្រឿង។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចស្តុប កែងផ្លូវ OCIC មុខផ្ទះសំណាក់ ហេងលៀប ស្ថិតនៅក្នុងភូមិ ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ព័ត៌មានអោយដឹងថា សមត្ថកិច្ច បានផ្ទុះអាវុធ ប្រមាណជិត ១០គ្រាប់ បាញ់គំរាម ក្នុងការបង្ក្រាបជនសង្ស័យ ជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់។
ព័ត៌មានដដែល អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនប្រដាប់អាវុធមួយក្រុម ស្លៀកពាកស៊ីវិល និងឯកសណ្ឋាននគរបាល បានជិះរថយន្តម៉ាក Lexus Rx330 ពណ៌ខ្មៅ ១គ្រឿង និងរថយន្តម៉ាក Ford Raptor ពណ៌ស មួយគ្រឿង និងម៉ូតូជាច្រើនគ្រឿង បានបើកប្រដេញរថយន្តម៉ាកស្ដាររិច ពណ៌ស ១គ្រឿង ក្នុងទិសដៅពីត្បូង ទៅជើង គោលបំណង ចេញពីរាជធានីភ្នំពេញ។ នៅពេលមកដល់កន្លែងកើតហេតុ រថយន្ត ហ្វ៊ត និងម៉ូតូ ក៏បានបើកទៅស្ទាក់ពីមុខ និងដកកាំភ្លើង ខ្លី និងវែង បាញ់គំរាម ជនសង្ស័យ ដែលជិះរថយន្ត ជាច្រើនគ្រាប់។ នៅក្នុងហេតុការណ៍នោះ ជនសង្ស័យ ស្ទុះរត់ចេញពីឡាន តែត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន ២នាក់ ចាប់ខ្លួនអូសឡើងរថយន្ត រួចបើកចេញទៅបាត់ទៅ។
បន្ទាប់ពីផ្ទុះអាវុធ នគរបាលមូលដ្ឋាន បានទៅកន្លែងកើតហេតុ រើសបានសំបកគ្រាប់ចំនួន ៦គ្រាប់ សំបកគ្រាប់កាំភ្លើងខ្លី ៤គ្រាប់ និងកាំភ្លើង អាកា ២គ្រាប់ ព្រមទាំងក្បាលគ្រាប់ចំនួន ១។
តាមនគរបាលមូលដ្ឋាន នេះជាការផ្ទុះអាវុធរបស់សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿង បាញ់គំរាមក្នុងការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន មិនមែនជាករណីបាញ់ប្រហារគ្នានោះទេ។ ទោះបីជាយ៉ាងណា គេពុំដឹងអោយប្រាកដថា សមត្ថកិច្ចដកហូតបានវត្ថុតាងអ្វីខ្លះនោះទេ។ ការផ្ទុះអាវុធនោះ ពុំបណ្តាលអោយមនុស្សរងរបួសឡើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram