ទីបំផុត លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ពន្ធសំណុំរឿងឆបោកប្រាក់បងធម៌ ប្រមាណជាង៣លានដុល្លារអាមេរិក

រាជធានីភ្នំពេញ ៖ ទីបំផុត លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ពន្ធសំណុំរឿងឆបោកប្រាក់បងធម៌ ប្រមាណជាង៣លានដុល្លារអាមេរិក ។
ជនសង្ស័យត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទរំលោភលើទំនុកចិត្ត និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដល់ខែសីហា ឆ្នាំ២០២១ ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិ មាត្រា៣៩១ មាត្រា៣៩២ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ ។


ការសម្រេចឃុំខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា បានធ្វើការចោទស្ត្រីម្នាក់នោះ ពីបទ ឆបោក លើទឹកប្រាក់ប្រមាណជាង ៣លានដុល្លារអាមេរិក តាមរូបភាពក្លែងបន្លំស្នាមមេដៃ ។
ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ហើយនោះ សំណុំរឿងនេះ បានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន ជាឆន្ទានុសិទ្ធិរបស់ចៅក្រម ។
ជនសង្ស័យមានឈ្មោះ ហេង ស្រីនាត អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ៩២ ផ្លូវលេខ១៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ចាប់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ដែលជាបទល្មើសព្រហ្មទណ្ឌ ។

ករណីខាងលើនេះ ប្រភពព័ត៌មាននៅសាលាដំបូង បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ហេង ស្រីនាត បានស្គាល់ និងរាប់អានមនុស្ស២នាក់ ក្នុងនោះមានបងស្រីម្នាក់ ជាអ្នកមានទ្រព្យស្តុកស្តំ គួរសមដែរ សុំធ្វើជាបងធម៌ ។ ហើយនៅក្នុងឆ្នាំ២០១៩ ជនសង្ស័យ ហេង ស្រីនាត បានបបួលបងធម៌ ទាំង២នាក់ចូលហ៊ុនគ្នា ដើម្បីរកស៊ីនាំចូលគ្រឿងសមុទ្រ និងផ្លែឈើ មកលក់បោះដុំ លើទីផ្សារ ដោយត្រូវចំណាយ ដើមទុនសរុបប្រមាណជិត៤លានដុល្លារ ក្នុងនោះបងធម៌ទី១ ត្រូវចេញចំនួន ៣.៥៤៨.៤២២ ដុល្លារអាមេរិក ចំណែកបងធម៌ទី២ បានចេញចំនួន ៣៥,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលចាប់ផ្តើមបើកមុខរបរការងាររកស៊ី ជនសង្ស័យឈ្មោះ ហេង ស៊ីនាត តែងតែលាក់លៀមមិនសូវឲ្យបងធម៌ ទាំង២ ដែលជាម្ចាស់ទុនស្គាល់អតិថិជន និងបញ្ជីស្នាមលុយកាក់ទេ ។


ក្រោយមក នៅក្នុងឆ្នាំ២០២០ បងស្រីធម៌ម្នាក់ ចង់ទិញផ្ទះមួយកន្លែងទៀត បានពឹងឲ្យឈ្មោះ ហេង ស៊ីនាត ណែនាំទិញផ្ទះនៅបុរីសម្បត្តិមានហេង៣ គំរោងទី២ ផ្ទះលេខ ១០៤ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្នុងយម្លៃ ១៦៤.០០០ដុល្លារអាមេរិក ។ ដោយការជឿទុកចិត្តលើប្អូនធម៌ ទើបព្រមព្រៀងគ្នា កក់ប្រាក់មុនចំនួន ១១,២៧៥ដុល្លារអាមេរិក តាមរយៈលិខិតប្រគល់-ទទួលថ្លៃផ្ទះ ដោយមានស្នាមមេដៃ អ្នកលក់ឈ្មោះ សុខ ហ៊ា និង សាក្សីឈ្មោះ វ៉ា ប៊ុនី ជាម្ដាយរបស់ ហេង ស្រីនាត ជនសង្ស័យ ។


លុះនៅថ្ងៃទី៥ ខែសីហា ២០២១ ស្រាប់តែមានហ្វេសបុកឈ្មោះ SOK HENG 2 បានបង្ហោះលិខិតប្រគល់ទទួលប្រាក់កក់ថ្លៃផ្ទះ ចុះថ្ងៃទី២៨ ខែកក្ដដា ២០២១ ដោយភ្ជាប់នូវខ្លឹមសារថា (ឯកសារប្រគល់ទទួលថ្លៃទិញលក់ផ្ទះ មិនមែនជារបស់បងធម៌ស្រីទេ ខ្លួនមិនស្គាល់បងធម៌ និងឈ្មោះ វ៉ា ប៊ុនី នោះដែរ ហើយអ្នកក្លែងបន្លំនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់) ។
ក្រោយពេលឃើញហ្វេសប៊ុកបង្ហោះយ៉ាងដូច្នោះ បងស្រីធម៌របស់ជនសង្ស័យ បានទំនាក់ទំនងទៅម្ចាស់អាខោនហ្វេសប៊ុកនោះ ទើបដឹងថា ស្នាមមេដៃអ្នកលក់ផ្ទះឈ្មោះ សុច ហ៊ា និងស្នាមមេដៃឈ្មោះ វ៉ា ប៊ុនី នៅលើលិខិតប្រគល់ទទួលប្រាក់ដែលឈ្មោះ ហេង ស្រីនាត ប្រគល់ឲ្យ ជាស្នាមមេដៃក្លែងក្លាយ ទើបបងស្រីធម៌ភ្ញាក់ខ្លួន និងដឹងពីចាញ់កលល្បិចឆបោករបស់ប្អូនធម៌ ក៏បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ចំពោះជនឆបោកខាងលើនេះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram