ក្រសួងទូរគមនាគមន៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទូទាំងប្រទេសនៅឆ្នាំ២០២៧ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំពុងខិតខំធ្វើយ៉ាងណា ជំរុញឲ្យការពង្រាយអង់តែនទូរស័ព្ទនៅទូទាំងផ្ទៃប្រទេស បញ្ចប់នៅឆ្នាំ២០២៧ខាងមុខ ដើម្បីធានាបាននូវប្រព័ន្ធសេវាគ្របដណ្តប់ មិនថានៅទីជនបទដាច់ស្រយាលឡើយ។


ការលើកឡើងរបស់លោករដ្ឋមន្រ្តី ធ្វើឡើងក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។


តាមផែនការការពង្រាយអង់តែនទូរស័ព្ទនេះ ធ្វើឲ្យបាននូវគ្រប់ឃុំ-ស្រុកទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំង ការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៉ីធឺណេតផងដែរ។ ខណៈសព្វថ្ងៃនេះប្រព័ន្ធសេវា នៅតំបន់មួយចំនួន ពិសេសនៅទីជនបទដាច់ស្រយាល មិនទាន់មានគ្រប់គ្រាន់នៅឡើយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បញ្ជាក់ពីការដោះស្រាយបញ្ហាសេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ដែលកន្លងទៅមានប្រជាពលរដ្ឋយើង រអ៊ូរទាំថា ឲ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសារលើបញ្ហានេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ចំពោះដំណោះស្រាយនេះ ក្រសួងនឹងដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា (មិនមានសេវា) ហើយបង្ហាញឲ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយជាបន្ទាន់។


ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះការសង់អង់តែងទូរស័ព្ទ ដែលបំពាក់នៅលើផ្ទះ ឬជិតផ្ទះថា ប៉ះពាល់ដល់សុខភាពឲ្យសោះ គឺមិនប៉ះពាល់សុខភាពបងប្អូននោះទេ។ លោកថា តាមការសិក្សារបស់ស្ថាប័នជំនាញអន្តរជាតិ រកឃើញថា កំដៅដែលភាយចេញពីអង់តែងទាំងនោះ មានកម្រិតតិចជាងរហូតដល់១០នៃកំដៅព្រះអាទិត្យ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram