បាត់ម៉ូតូ១៥ថ្ងៃទើបប្ដឹង លុះស្រាវជ្រាវជាង៦ម៉ោង ឃាត់បានបុរស២នាក់

រាជធានីភ្នំពេញ ៖ មិនសរសើរមិនបាន អំពីភាពខ្លាំងរបស់កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ក្នុងការបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ និងគ្រឿង.ញៀនជាដើម ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ កន្លងមក ក្រោយកើតមានបទល្មើសតែងតែស្រាវជ្រាវ និងបង្ក្រាបបានជាបន្តបន្ទាប់ ។
ជាក់ស្ដែងចុងក្រោយនេះ មានយុវជនម្នាក់ជិះម៉ូតូទៅស្ទូចត្រីនៅបឹងមួយកន្លែង ហើយទុកម៉ូតូឆ្ងាយពីខ្លួនអត់ចាក់សោ ក៏ត្រូវបានចោរលួចយកទៅបាត់។ បន្ទាប់មកយុវជននោះ ពុំបានប្ដឹងសុំការអន្តរាគមន៍ពីនគរបាលភ្លាមៗនោះទេ រហូតរយៈពេល១៥ថ្ងៃក្រោយមកទើបទៅប្ដឹង ។


ចំណែកនគរបាលខណ្ឌដង្កោ ក៏បានដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា ដែលជាអធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវភ្លាមៗ ហើយរយៈពេលតែជាង៦ម៉ោងប៉ុណ្ណោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួចដកហូតយកម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។
ហេតុការណ៍ខាងលើននេះបានកើតឡើងតាំងពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មកម្ល៉េះ នៅត្រង់ចំណុចបឹងមួយកន្លែងស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយរហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី៤ ខែសីហានេះ ទើបម្ចាស់ម៉ូតូដាក់ពាក្យប្ដឹងឲ្យនគរបាលជួយអន្តរាគមន៍។
បើតាមនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ម្នាក់ឈ្មោះ ហេង សួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអ៊ីវ៉ាន់អនឡាញ មានទីលំនៅផ្ទះលេខ៧ ផ្លូវលេខ២ បុរីហ្គ្រេនផាក ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល និងម្នាក់ទៀតឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ គ្មានមុខរបរច្បាស់លាស់ មានទីលំនៅផ្ទះលេខ៩០A ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ដោយឡែកយុវជនរងគ្រោះឈ្មោះ អឿន រក្សា អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯម៉ូតូដែលបាត់បង់១៥ថ្ងៃទៅហើយត្រូវនគរបាលរឹបអូសយកមកវិញបាននោះ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CC-4499។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា កាលពីថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងខាងលើចេញពីយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីទៅស្ទួចត្រីនៅបឹងឈូក ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយពេលទៅដល់យុវជនរូបនោះ បានទុកម៉ូតូនៅលើដីទួលមាត់បឹង ដោយមិនបានចាក់សោរកត្រឹមត្រូវទេ ។ ចំណែកម៉ូតូនោះទោះពុំមានកូនសោរក៏បញ្ឆេះឆេះដែរ បន្ទាប់មកជនរងគ្រោះក៏ដើរកាត់វាលស្រែទៅស្ទួចត្រីនៅបឹង ដែលមានចម្ងាយពីម៉ូតូប្រហែលប្រវែង១៥០ម៉ែត្រទៅ។
ប្រភពដដែលបានបន្តទៀតថា ខណៈពេលឃើញម្ចាស់មានការធ្វេសប្រហែសបែបនេះ ជនសង្ស័យក៏បានចូលទៅលួចជិះយកទៅបាត់ ចំណែកយុវជនម្ចាស់ម៉ូតូក្រោយពេលដឹងថា បាត់ម៉ូតូពុំបានទៅដាក់ពាក្យប្ដឹងភ្លាមៗទេ ព្រោះជាប់រវល់ការងារ និងត្រូវធ្វើដំណើរទៅស្រុកកំណើត នៅខេត្តព្រៃវែងផង។ លុះរហូតដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក ក្រោយពេលត្រឡប់មកពីស្រុកកំណើតវិញ ទើបរាយការណ៍ប្រាប់នគរបាល និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតែម្តង។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងបើកការស្រាវជ្រាវភ្លាមៗ មិនបង្អង់យូរឡើយ។ លុះរយៈពេលជាង៦ម៉ោងក្រោយមក គឺវេលាម៉ោង១៦និង៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែល ក៏ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហេង សួរ រួមនឹងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ដែលលួចពីជនរងគ្រោះ ។
បន្ទាប់មកកម្លាំងបាននាំជនសង្ស័យទៅសាកសួរ ហើយដឹងពីកន្លែងលាក់ខ្លួនរបស់បក្សពួកម្នាក់ទៀតឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ក៏បន្តទៅឃាត់ខ្លួនជននោះដល់ផ្ទះលេខ៩០A ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រោយមកក៏បាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram