សំណួរចាក់ដោតផ្ទុះពេញបណ្តាញសង្គម ( ស្រលាញ់ទេវតាខុសអត់? ) លើស្រីស្រស់ សាន្ត កុសុមៈ
រាជធានីភ្នំពេញ ៖ សាន្ត កុសុមៈ ដែលធ្លាប់ដើរតួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី នៃធីតាឯកសង្ក្រាន្តឆ្នាំ២០២១នេះ កំពុងទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗជុំវិញរូបសម្រស់ស្រស់សោភារបស់នាង។ ហើយថ្មីៗនេះទៀតសោត អ្នកលេងបណ្តាញសង្គមបានសម្តែងនូវការស្រលាញ់ពេញចិត្ត លើស្រីស្រស់រូបនេះយ៉ាងខ្លាំង ដោយខ្លះហ៊ានទាំងពោលពាក្យថា ស្រលាញ់ពេញៗមាត់ និងខ្លះទៀត ហ៊ានដល់ថ្នាក់ថា «តើស្រលាញ់ទេវតាខុសអត់?» ជាដើម។

កញ្ញា សាន្ត កុសម: បានបង្កើតជារលកនៃការជជែកដេញដោលពេញបណ្តាញសង្គម ក្រោយពីនាងបានបង្ហោះរូបថតពាក់កណ្តាលខ្លួន៤សន្លឹក ដែលនាងបានបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់នាងកាលពីថ្ងៃទី៣ ខែសីហាកន្លងទៅ បង្ហាញពីស្រស់ស្អាត គ្រងឈុតអាវចងពុងពណ៌សូកូឡាក្រម៉ៅ បញ្ចេញសាច់ស្មា.សម៉ត់រលោង អមនឹងការទម្លាក់សក់វែងអន្លាយ ទឹកមុខញញឹមស្រស់ បញ្ចេញពន្លឺកែវភ្នែកពោរពេញដោយមន្តស្នេហ៍ ។

ហើយរូបថតទាំងនេះ បានអង្រួនបេះដូងអ្នកគាំទ្រ មិនថាបុរសនិងនារីនោះទេ គឺបានសម្តែងនូវការស្រលាញ់ពេញចិត្តតារាវ័យក្មេងនេះជាខ្លាំង ទាំងការបញ្ចេញមតិចម្រុះបែបសរសើរពីរូបសម្រស់ ភាពឆ្លាតវ៉ៃ ក៏ដូចជាទាក់ទាញការចែកចាយ (share) រូបភាពរបស់នាងរាប់រយដង។ ក្នុងនោះអ្នកគាំទ្រខ្លះ ពោលរម្លឹកដល់តួអង្គរបស់នាង ជា ធីតាឯកសង្ក្រាន្តឆ្នាំ ២០២១កន្លងទៅ និងខ្លះបានពោលពាក្យថា «ស្រលាញ់ទេវតាខុសអត់?» និងខ្លះទៀតថា «ទេវតាស្អាតណាស់» និងខ្លះហ៊ានទាំងបង្ហាញក្តីស្រលាញ់នាងពេញបេះដូងថា មុខមាត់របស់នាង គឺ «ជាមុខដូចកូនប្រសាម៉ាក់ខ្ញុំមិចទេ » ជាដើម។

ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា សាន្ត កុសមៈ កាន់តែទាក់ទាញលើរូបសម្រស់ និងទទួលបានការគាំទ្រកាន់តែខ្លាំងក្លាឡើង ក្រោយពីបានបង្ហាញខ្លួនលើកដំបូង ដើរតួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី នៃធីតាឯកសង្ក្រាន្តឆ្នាំ ២០២១ ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាកន្លងទៅ ។
កញ្ញា សាន្ត កុសម: បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងអ៊ីនធឺណេតកាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅរូបសម្រស់ដែលកាន់តែស្រស់ស្អាត និងទាក់ទាញ និងបានដឹងថា ស្រីស្រស់រូបនេះ មានទាំងសម្រស់ និងចំណេះវិជ្ជា ។ ជាងនេះទៅទៀត តារារូបនេះកាន់តែធ្វើអោយប្រជាប្រិយភាពរបស់ខ្លួនកាន់តែលេចធ្លោបន្ថែមទៀត តាមរយៈការបង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូង។

ក្រោយពីជាប់ជ័យលាភីធីតាឯកសង្ក្រាន្តមក សាន្ត កុសម: ត្រូវបានគេមើលឃើញថា នាងកាន់តែមានការប្រែប្រួលនូវរូបសម្រស់កាន់តែស្អាតប្លែក ជាពិសេសនៅពេលដែលនាងបានបង្ហោះរូបតាមហ្វេសប៊ុកម្តងៗនោះ បានធ្វើឱ្យមហាជនចូលទៅខំមិនសរសើររូបនាងមិនដាច់ពីមាត់។

អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ បណ្តាអ្នកលេងហ្វេសប៊ុកជាច្រើនកាន់តែមានការចាប់អារម្មណ៍ក្នុងពេលដែលតារារូបនេះបង្ហោះនូវសកម្មភាពដែលនាងបានសម្តែងនៅក្នុងរឿង «នគរមាស» ដែលកំពុងចាកផ្សាយនៅស្ថានីយទូរទស្សន៍ CTN។ មិនថា សកម្មភាពថតកុន ឬការបង្ហោះរូបសកម្មភាពឯកជនបែប cute គួរស្រឡាញ់នោះឡើយ សាន្ត កុសម: តែងតែត្រូវបានគេចាប់អារម្មណ៍ រហូតមានអ្នកខ្លះហ៊ានខំមិនដោយពាក្យផ្អែមល្ហែម និងសារភាពស្នេហ៍ចំពោះនាងផងដែរ។ ទាំងអស់នេះបង្ហាញថា សាន កុសម: កាន់តែមានប្រជាប្រិយខ្លាំង រួមជាមួយនឹងរូបសម្រស់ស្រស់សោភារបស់នាង បន្ទាប់ពីជាប់ជ័យលាភី និងបង្ហាញវត្តមានសម្តែងជាតួឯកលើកដំបូងក្នុងខ្សែភាពយន្តភាគ។

គួរបញ្ជាក់ថា សាន កុសម: បានជាប់ជាធីតាឯកឆ្នាំ២០២០ ដែលកម្មវិធីវគ្គផ្តាច់ព្រ័ត្របានចាក់ផ្សាយតាមកញ្ចក់ទូរទស្សជាតិកម្ពុជា កាលយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងផ្ចិតផ្ចង់ពីគណ:កម្មការចំនួន០៤រូប។ ក្រោមការសម្រិតសម្រាំងតាំងពីវគ្គជម្រុះដំបូងកម្មវិធីបានចម្រាញ់ជ្រើសបានបេក្ខនារីចំនួន១៤នាក់ប៉ុណ្ណោះ ដែលបានឈានដល់វគ្គផ្តាច់ព្រាត់។ ក្នុងចំណោម១៤នាក់ កម្មវិធីក៏បានស្វែងរកឃើញបេក្ខនារី៧រូប ដើម្បីឈានដល់វគ្គជម្រុះយកបេក្ខនារី៣នាក់សម្រាប់តំណែងគ្រងម្កុដ ជាមួយរង្វាន់ទឹកប្រាក់ចំនួន១២លានរៀន។

យ៉ាងណានៅទីបំផុតបេក្ខនារី ដែលមកពីខេត្តពោធិ៍សាត់ កញ្ញា សាន្ត កុសមៈ បានក្លាយបេក្ខនារីដែលល្អផ្តាច់គេក្នុងការគ្រងម្កុដកញ្ញាឯកសង្ក្រាន្តរដូវកាលទី២នេះ ។ បន្ទាប់ពីបានគ្រងម្កុដកម្មវិធីខាងលើនេះ សាន កុសមៈ បានបង្ហាញអារម្មណ៍រីករាយថា ទីបំផុតថ្ងៃដែលពួកយើងតែងតែទន្ទឹងរង់ចាំក៏បានមកដល់ ទម្រាំមកដល់ថ្ងៃនេះពួកយើងទាំងអស់គ្នាជាបេក្ខនារីបានឆ្លងកាត់នូវការប្រកួតប្រជែង និងវិញ្ញាសារជាច្រើនទាំងរបាំ ទាំងការដើរម៉ូដបែបបុរាណ និងការសិក្សាពីវប្បធម៌ខ្មែរផងដែរ។
នាងបញ្ជាក់ថា កម្មវិធីធីតាឯកសង្ក្រាន្តនេះ បានធ្វើឱ្យពួកយើងជាយុវតីខ្មែរយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ អរិយធម៌ខ្មែរ និងអ្វីដែលបុព្វបុរសយើងបន្សល់ទុកអោយ។ បើតាម សាន្ត កុសមៈ បទពិសោធន៍ដែលនាងទទួលបានពីការចូលរួមកម្មវិធីធីតាឯកសង្ក្រាន្ត រដូវកាលទី២ នេះ គឺជាកាដូដ៏ល្អមួយដែលនាងបានប្រគល់ជូនខ្លួន ទុកជាមេរៀននិងការចង់ចាំដ៏ល្អក្នុងជីវិត៕








