លោក ឃួង ស្រេង ៖ បុគ្គលណាល្មើសនឹងបម្រាមបិទខ្ទប់ នឹងត្រូវជាប់គុក ពី៦ខែ ទៅ៥ឆ្នាំ
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់ ចំនួន ២តំបន់ ផ្សេងគ្នា រួមមាន ៖

ខណ្ឌឫស្សីកែវ ៖ ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញ-ចូលចំពោះកំណាត់ផ្លូវលេខ ៩៣ ពីចំណុចសាលាបឋមសិក្សាពញាក្រែក រហូតដល់ចំណុចផ្ទះលេខ១១៦ រួមទាំងលំនៅឋានក្នុងបុរី (KC) ស្ថិតក្នុងក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការសង្ស័យជាប់ពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ ការឆ្លងរាលដាល នៅក្នុងសហគមន៍ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រហូតការស្រាវជ្រាវបិទបញ្ចប់ ។

ខណ្ឌទួលគោក ៖ ត្រូវបានបិទខ្ទប់មិនឲ្យមានការចេញ-ចូលច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាល នៅក្នុងសហគមន៍ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។

ប្រការ២. ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការចេញ-ចូល និងរាល់ការជួបជុំ
ឬ ការប្រមូលផ្តុំមនុស្ស ក្នុងទីតាំងខាងលើ លើកលែងតែករណីចំបាច់ ដូចខាងក្រោម ៖
• ការចេញ-ចូល ដោយមូលហេតុសុខភាពបន្ទាន់
• ការចេញ-ចូល ដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន
• ការវិលត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និង
អ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាល ចូលក្នុងទីតាំងបិទខ្ទប់ ដោយមានការសម្របសម្រួល
របស់អាជ្ញាធរមានសមត្ថកិច្ច
• ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការ
សុខាភិបាល ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាល នូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ
ដែលតា (Delta) នៅក្នុងសហគមន៍
• ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គត់គ្រឿងឧបភោគ-បរិភោគចាំបាច់
ក្នុងអំឡុងពេលបិទខ្ទប់
• ការចេញ-ចូល និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់
លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រាល់ការចេញ-ចូល និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែងខាងលើនេះ ៖ ត្រូវអនុវត្ត
វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវ
ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣. ត្រូវបានប្រគល់ភារកិច្ចជូន រដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលខណ្ឌទួលគោក ដើម្បីបង្កើតក្រុមការងារប្រចាំការនៅទីតាំងដែលត្រូវបិទខ្ទប់ ក្នុងនោ៖ ក្រៅពីភារកិច្ចអនុវត្តវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ ត្រូវបំពេញការងារអាទិភាព ជាអាទិ៍ ៖
• ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
• ការងារផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ជូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងទីតាំងបិទខ្ទប់
• ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល និងការផ្តល់សេវាសុខាភិបាលទូទៅ ។
ប្រការ.៤ ក្នុងសេចក្តីសម្រេច លោក ឃួង ស្រេង បានបញ្ជាក់ថា «បុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមប្រការ២ នៃសេចក្តីសម្រេចនេះ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ-១៩ » ៕












