ស្ត្រីម្នាក់បានឆ្លងទន្លេនៅក្នុងបន្ទប់ជួលតែ២នាក់ប្តីប្រពន្ធ ដោយគ្មានគ្រូពេទ្យ ឬឆ្មប បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានឆ្លងទន្លេនៅក្នុងបន្ទប់ជួលតែ២នាក់ប្តីប្រពន្ធ ដោយគ្មានគ្រូពេទ្យ ឬឆ្មប ជួយបង្កើតកូនឡើយ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ។


ស្ត្រីឆ្លងទន្លេខាងលើមានឈ្មោះ ចាន់ ពិសី អាយុជាង២០ឆ្នាំ មុខរបរកម្មការនីរោងចក្រ ។ ចំណែកបុរសជាប្តីមានឈ្មោះ គីម សុខមាន អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ។ អ្នកទាំង២ ស្នាក់នៅបន្ទប់ជួលខាងលើ តែ២នាក់ប្តីប្រពន្ធប៉ុណ្ណោះ ។
លោកសេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានប្រាប់ CPNS NEWS អោយដឹងថា នៅថ្ងៃកើតហេតុ ស្ត្រីខាងលើបានឈឺពោះឆ្លងទន្លេ ខណះដែលកូននៅក្នុងផ្ទៃក៏គ្រប់ខែផងដែរ ។ នៅល្ងាចថ្ងៃដដែល បុរសជាប្តីបានដឹកស្ត្រីជាប្រពន្ធ ជូនមន្ទីរពេទ្យឯកជនចំនួន២កន្លែង នៅក្បែរតំបន់ដែលពួកគាត់រស់នៅ ប៉ុន្តែគេមិនទទួលពិនិត្យឡើយ ដោយសារតែស្ត្រីជាប្រពន្ធ មិនទាន់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ទាំង២លើក ។ បន្ទាប់ពីពេទ្យឯកជនទាំង២កន្លែង បដិសេធមិនទទួលពិនិត្យហើយនោះ បុរសជាប្តី បានដឹកស្ត្រីជាប្រពន្ធត្រឡប់ទៅបន្ទប់ជួលវិញ ដើម្បីសម្រាកមួយភ្លែតសិន ទើបទៅរកមន្ទីរពេទ្យផ្សេងទៀត ដើម្បីពិនិត្យបន្តទៀត ។


លោកចៅសង្កាត់រងបានបន្តថា ខណះពេលដែលស្ត្រីរូបនេះបានត្រឡប់ទៅផ្ទះវិញហើយនោះ នាងក៏បានចូលទៅបត់ជើងតូច ហើយក៏ឡើងទៅសម្រាកនៅលើគ្រែ ស្រាប់តែកូនក្នុងផ្ទៃក៏ចាប់ផ្តើមសម្រាលចេញមកតែម្តង ធ្វើអោយនាងឈឺចាប់តែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសម្រាលបានកូនស្រីនៅក្នុងថ្លុកឈា.ម ។ ភ្លាមៗ បន្ទាប់ពីសម្រាលបានកូនស្រីរួចហើយនោះ បុរសជាប្តី បានហៅអោយអ្នកជិតខាងឱ្យមកជួយមើលប្រពន្ធរបស់ខ្លួនសិន ហើយបុរសជាប្តីក៏ បានជិះម៉ូតូទៅហៅពេទ្យអោយមកជួយពិនិត្យសុខភាពប្រពន្ធ និងកូនស្រី ប៉ុន្តែត្រូវបានពេទ្យជាច្រើនបដិសេធ មិនទៅធ្វើការពិនិត្យឡើយ ។


បន្ទាប់ពីកើតមាននូវបាតុភាពខាងលើនេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំដោយលោកទូច សំអុល ចៅសង្កាត់ និងលោកសេង ស៊ីវ៉ាន់ថា ចៅសង្កាត់រងទី១ បានចុះដល់ទីតាំងបន្ទប់ជួលរបស់ប្តីប្រពន្ធទាំង២នាក់ខាងលើ និងបានជួយទំនាក់ទំនងទៅកាន់ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ អោយមកទទួលយកទៅពិនិត្យសុខភាពទាំងម្តាយ និងកូនស្រីផងដែរ ។ ប៉ុន្តែនៅមុនពេលក្រុមគ្រូពេទ្យសម្រេចទទួលយកទៅពិនិត្យនោះ គឺត្រូវធ្វើតេស្តិ៍សំណាកទាំងស្ត្រីជាម្តាយ និងបុរសជាប្តី ទាំង២នាក់ ឃើញថាលទ្ធផល អវិជ្ជមានកូវីដ១៩ ទើបលើកដាក់លើរថយន្តសាម៊ុយ យកទៅព្យាបាលតែម្តង ។


សូមបញ្ជាក់ថា ដោយមានការអាណិតអាសូរជាពន់ពេកលើប្តីប្រពន្ធទាំង២នាក់ខាងលើ លោកចៅសង្កាត់បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន២ម៉ឺនរៀល និងលោកចៅសង្កាត់រងចំនួន១០ម៉ឺនរៀល ដល់ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ដើម្បីសម្រាលដល់ការលំបាក កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram