សម្តេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយវ៉ាក់សាំងការពារជំងឺកូវីដ ១លានដូស ដែលជាសក្ខីកម្មមួយថ្មី ឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌ដ៏ជ្រាលជ្រៅ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីរដ្ឋាភិបាលជប៉ុន នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចបានសម្តែងនូវក្តីអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការផ្តល់ជួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។



សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបង្ហាញនូវសេចក្តីសោមនស្សក្រៃលែង ដោយបានមកចូលរួមផ្ទាល់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជើងទី១ ចំនួន៣៣២ ០០០ ដូស នៃវ៉ាក់សាំង AstraZeneca សរុបចំនួន១លានដូស ដែលជាជំនួយដ៏ថ្លៃថ្លា ប្រកបដោយសប្បុរសធម៌ និងសន្តានចិត្តល្អពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលនៅគ្រប់ប្រទេស និងដែនដីទាំងអស់នៅលើសកលលោក ។


សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពិតជាទទួលបានភាពកក់ក្តៅ និងសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដល់សំណាក់រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ និងជ្រោមជ្រែងដល់កម្ពុជា ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យខាងតែបាន តាមរយៈការផ្តល់ជាជំនួយឧបករណ៍បរិក្ខារសុខាភិបាល និងហិរញ្ញប្បទាន ជាបន្តបន្ទាប់នាពេលកន្លងមក។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ការផ្ដល់ជំនួយវ៉ាក់សាំង ចំនួន១ លានដូសរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននេះ ជាសក្ខីកម្មមួយថ្មី ដែលបានឆ្លុះបញ្ចាំងពីកាយវិការសប្បុរសធម៌, សន្តានចិត្តជ្រាលជ្រៅ និងការទទួលខុសត្រូវខ្ពស់របស់ជប៉ុន ក្នុងការជួយគាំទ្រប្រទេសដែលធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ជាងនេះទៅទៀត, ការផ្ដល់ជំនួយនេះនឹងបង្កើនវ៉ាក់សាំង ដែលកម្ពុជាមានក្នុងដៃ សរុប ១៨ លានដូស, ជាពិសេស ចូលរួមចំណែកពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពល-រដ្ឋចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ក៏ដូចជាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាអាយុ ១២-១៧ ឆ្នាំ នាពេលខាងមុខ»។


ក្រៅតែពីការថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយវ៉ាក់សាំង ១ លានដូស និងសម្តេចតេជោ ហ៊ុន សែន បានសូមជូនពរដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនទទួលបានជោគជ័យ នៅក្នុងរាល់កិច្ចការ និងវិបុលភាពចម្រើនរុងរឿង។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏សូមរំលឹកដល់ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធទាំងអស់ ឱ្យបន្តបង្កើន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជននៅគ្រប់ទិសដៅ ។


សម្តេចតេជោបានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប សូមគោរព និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុខុមាល-ភាពរបស់គ្រួសារ, សហគមន៍ និងសង្គមជាតិយើងទាំងមូល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram