គម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញនៅក្នុងតំបន់វត្តភ្នំនិងទួលគោក ក្រោមគម្រោងហិរញ្ញប្បទានឥតសំណង….
រាជធានីភ្នំពេញ៖នឹងចាកផុតពីភាពលិចលង់ដោយជំនន់ទឹកភ្លៀង ខណៈគម្រោងការពារទឹកជំនន់របស់ជប៉ុន តម្លៃ ៣៦លាន ដុល្លារនឹងបញ្ចប់នៅឆ្នាំ ក្រោយនេះ
គម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញនៅក្នុងតំបន់វត្តភ្នំ និងទួលគោក ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កំពុងដំណើរការយ៉ាងសស្រាក់សស្រាំហើយរំពឹងថា នឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ ដែលធ្វើឲ្យរាជធានីភ្នំពេញចាកផុតពីភាពលិចលង់ដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការអះអាងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)។
ថ្លែងតាមរយៈសារជាវីដេអូនៅចុងសប្តាហ៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា នៅតំបន់វត្តភ្នំក្រុមការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាលារាជធានីភ្នំពេញកំពុងជីកដាក់លូជម្រៅ៧ម៉ែត្រ ហើយគម្រោងការពារទឹកជំនន់នៅតំបន់ទួលគោគក៏កំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។ ឯកឧត្តមបានបន្តថា គម្រោងការពារទឹកជំនន់នៅតំបន់វត្តភ្នំ និងទួលគោគឥឡូវនេះ កំពុងដំណើរការ
ហើយកំពុងបង្កផលវិបាកដល់ប្រជាពលរដ្ឋចំពោះការធ្វើចរាចរដោយសារតែការបិទផ្លូវ ដែលបញ្ហានេះស្ថានទូតជប៉ុនបានទទូចសុំការយោគយល់
គួរបញ្ជាក់ផងដែរថាគម្រោងការពារ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល មានទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៤ ខែមីនា
ឆ្នាំ២០១៩ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងនេះមានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក និងការតម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយ៍បូមទឹក ជាដើម៕





