សម្ដេចក្រឡាហោម ស ខេង បានបង្ហាញលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដាន ដោះស្រាយ មតិយោបល់ សំណូមពរពលរដ្ឋក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចផ្ទាល់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជម្រាបជូននូវលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្ដេចផ្ទាល់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងឲ្យដឹងថា វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយក្រុមការងារគេហទំព័រហ្វេសប៊ុករបស់សម្ដេច ទោះជាក្នុងស្ថានភាពប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបសម្ដេចតាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើងឱ្យកាន់តែរីកចំរើន។

ទន្ទឹមនេះដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕
