ចោរឆក់ដ៏សកម្មម្នាក់មានទាំងដីកាបង្គាប់ឲ្យចាប់ខ្លួន ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅចាប់បានហើយ..!

កណ្តាល៖ កម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានស្ទាក់ចាប់និងឈានដល់ការឃាត់ខ្លួនចោរឆក់ដ៏សកម្មម្នាក់បានជោគជ័យនៅចំណុច ផ្លូវ២០៦ ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់តែមិនបានសម្រេច។

បើយោងតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាដឹងថា ជនរងគ្រោះឈ្មោះ ស៊ន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខ១០បុរីភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនBIM។ ដោយឡែកជនសង្ស័យឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងចាប់បានម៉ូតូ១គ្រឿងម៉ាក HONDA 125 ពណ៌ខ្មៅសេរីឆ្នាំ2021 ផ្លាកលេខភ្នំពេញ1IS.3509 ជារបស់ជនសង្ស័យជិះធ្វេីសកម្មភាព និងកាបូបយួរដៃពណ៌ឈាមជ្រូក១ ជារបស់ជនរងគ្រោះ។


ប្រភពព័ត៌មានពីលោកអធិការបានឲ្យដឹងថា ក្នុងកាបូបដៃរបស់ជនរងគ្រោះមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង៖ ទី១-ម៉ាក iphone.Xs max ពណ៌មាស និងម៉ាក meitu ពណ៌សលាយផ្កាឈូក។
លោកវរសេនីយ៍ឯក យី វណ្ណដា បានឲ្យដឹងទៀតថា នៅវេលាកេីតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូពីរនាក់ប្តីប្រពន្ធដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ឆ្ពោះទៅកន្លែងធ្វេីការនៅភ្នំពេញដល់ត្រង់ចំណុចកេីតហេតុខាងលេីស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមរួចធ្វេីសកម្មភាពឆក់កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

លោកអធិការបានបញ្ជាក់ថាជនសង្ស័យខាងលេីមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ២៩៦ដកបចខចេញដោយចៅក្រមស៊េីបសួរ ជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ពីបទ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ២៣ ខែមីនា ឆ្នាំ ២០២០៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram