Breaking : រាជរដ្ឋាភិបាល សម្រេចផ្អាកជាបណ្ដោះអាសន្នក្នុងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម
ភ្នំពេញ៖ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចម្លងចូលមកព្រះរាជាណាចក្រកម្ពុជា , រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានា របស់វៀតណាម រយៈពេល១ខែ ដែលអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះតទៅ លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល ។

នេះបើយោងតាមលិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជម្រាបមក លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែល CPNS NEWS ទើបទទួលបានមុននេះបន្តិច ។
ក្រសួងការបរទេសកម្ពុជា បន្តទៀតថា ចំពោះបុគ្គលិកនិងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាមដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួចនិងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាម វិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញចូលជាបណ្ដោះអាសន្ន នេះ ។

ជាមួយគ្នានេះ ក្រសួងការបរទេស សូមឲ្យលោកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សហការជាមួយអាជ្ញាធរវៀតណាមដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរ ជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូននាំចេញនិងនាំចូលទំនិញ នានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាលនៃប្រទេសទាំងពីរ ៕
