បុរសម្នាក់មិនត្រូវបានគេសង្ស័យថា មានជំងឺសរសៃប្រសាទ ដោយសារតែបុរសរូបនេះបានដើរយំតែម្នាក់ឯង ថែមទាំងរត់ចូលឡានគេប៉ុនប៉ងសម្លា.ប់ខ្លួន និងដេកកណ្តាលផ្លូវ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់មិនត្រូវបានគេសង្ស័យថា មានជំងឺសរសៃប្រសាទ ដោយសារតែបុរសរូបនេះបានដើរយំតែម្នាក់ឯង ថែមទាំងរត់ចូលឡានគេប៉ុនប៉ងសម្លា.ប់ខ្លួន និងដេកកណ្តាលផ្លូវ យំសោកបោកខ្លួនតែម្នាក់ឯងទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវ៦០៨ កែងផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
សេចក្តីរាយការណ៍បន្តថា បុរសដែលមកដេកយំកណ្តាលផ្លូវខាងលើនោះ មានឈ្មោះ នី វណ្ណា អាយុ៣០ឆ្នាំ ហើយបុរសរូបនេះប្រាប់ថា គាត់ស្នាក់នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ ។
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើដើរយំតែម្នាក់ឯង តាមបណ្ដោយផ្លូវ៦០៨ ចុះពីស្តុបត្រឡោកបែក លុះមកដល់កែងផ្លូវ៣៣៧ ក៏ស្រាប់តែបុរសរូបនេះរត់ចូលរថយន្តគេប៉ុនប៉ងសម្លា.ប់ខ្លួនតែម្តង ប៉ុន្តែមិនបានសម្រេចឡើយ ព្រោះថា ម្ចាស់រថយន្តជាន់ហ្វ្រាំងទាន់។

ប្រជាពលរដ្ឋបន្តទៀតថា បន្ទាប់ពីរត់ចូលរថយន្តគេមិនបានសម្រេច បុរសនោះក៏បានដេកយំសោកបោកខ្លួនតែម្នាក់ឯងនៅកណ្ដាលផ្លូវតែម្តង ហើយអ្នកណាមកសួរនាំអ្វី ក៏បុរសរូបនេះមិននិយាយស្ដីអ្វីទាំងអស់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ ។


ប្រភពដដែលបន្តថា លុះពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏លើកបុរសរូបនោះទៅអែបចិញ្ចើមផ្លូវ ហើយព្យាយាមសួរនាំរកហេតុផល តែបុរសរូបនេះនៅតែមិននិយាយស្ដីអ្វីទាំងអស់ គឺគិតតែពីយំរហូត។ លុះរំលងបានសន្ទុះធំ សមត្ថកិច្ចក៏បានធ្វើការលួងលោម និងសួរនាំម្តងទៀត ទើបបុរសរូបនោះបានប្រាប់ឈ្មោះ និងប្រាប់ទៀតថា «គាត់ស្នាក់នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ មូលហេតុដែលគាត់ចង់ស្លា.ប់ គឺដោយសារតែគេមើលងាយគាត់» ។

ចំពោះករណីបុរសខាងលើនោះ ត្រូវបានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ បានដាក់ការសន្និដ្ឋានថា បុរសរូបនេះអាចមានជំងឺសរសៃប្រសាទ ទើបធ្វើអោយសតិមិនប្រក្រតី ទៅជាវង្វេងវង្វាន់បែបនេះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានលួងលោមបុរសរូបនោះអោយត្រឡប់ទៅផ្ទះវិញ និងបានហៅម៉ុតូកង់បីអោយជិះ និងចេញថ្លៃធ្វើដំណើរអោយថែមទៀតផង ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram