ជីកដី កប់ខ្សែកាបអ៊ុបទិក នៅកណ្តាលក្រុងសៀមរាប ប៉ះគ្រាប់បែកជាង ៣០០គ្រាប់ ពិតជាសំណាងមិនផ្ទុះ…

ខេត្តសៀមរាប៖ គ្រាប់បែកដៃជាង ៣០០គ្រាប់ ត្រូវបានក្រុមអ្នកជីកកប់ខ្សែកាប តាមបណ្តោយផ្លូវ១ខ្សែ ដែលកំពុងធ្វើ នៅកណ្តាលក្រុងសៀមរាប ប្រទះឃើញ។ តែសំអាង គ្រាប់បែកទាំងនោះ មិនផ្ទុះ ក៏ត្រូវបានស៊ីម៉ាក រុករកឃើញ នៅជាប់របងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រតិបត្តិការរុករកគ្រាប់បែកកប់ក្នុងដី ជាប់ផ្លូវនេះ នឹងបន្ត នៅថ្ងៃទី១២ ខែកក្កដាទៀត។


គ្រាប់បែកដៃទាំងនោះ មានចំនួន ៣២៥គ្រាប់ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់ 36 UK។ គ្រាប់បែកទាំងនោះ អាចប្រឈមគ្រោះថ្នាក់ ដល់មនុស្ស ប្រសិនបើមានការប៉ះពាល់ ឬធ្វើជ្រុះធ្លាក់ទៅដី។ នេះបើតាមលោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ។ មន្ត្រីស៊ីម៉ាក បន្តថា គ្រាប់បែកដៃច្រេះចាប់ទាំងនោះ ត្រូវបានគេកប់ចោលជាច្រើនឆ្នាំមកហើយ នៅឃ្លាំងគ្រាប់មួយកន្លែង នៅក្នុងក្រុងសៀមរាប។ ប៉ុន្ដែមិនដឹងថា កប់ទុកចោល នៅឆ្នាំណានោះទេ។


មន្ត្រីជំនាញ ស៊ីម៉ាក បន្ថែមថា គ្រាប់បែក ដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្ត នៅថ្ងៃទី១២ ខែកក្កដា ដើម្បីប្រមូលយកទៅកម្ទេចចោល។

សូមរម្លឹកថា ក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានរៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដោយជីកដីចំគ្រាប់បែកទាំងនោះ។ ប្រទះឃើញដំបូងតែ ៧គ្រាប់ប៉ុណ្ណោះ។ ប៉ុន្ដែនៅពេលស៊ីម៉ាក់ ទៅរុករក នៅថ្ងៃទី១១ ខែកក្កដានេះ រកឃើញ ៣២៥គ្រាប់៕ (រូបភាព៖ ទទក)

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram