ផ្លូវស្របមាត់ស្ទឹងជាង១គីឡូម៉ែត្រខូចខាតដោយទឹកជំនន់កំពុងជួសជុលបណ្តោះអាសន្ន ក្រោយមានការរិះគន់ខ្លាំង

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវស្របមាត់ស្ទឹងប្រវែងជាង១គីឡូម៉ែត្រដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ តភ្ជាប់ពីភូមិបត់ត្រង់ ឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងធ្វើការជួសជុលជាបណ្តោះអាសន្ន ក្រោយប្រជាពលរដ្ឋនាំគ្នារិះគន់។


ប្រជាពលរដ្ឋបានប្រាប់ថា ផ្លូវស្របមាត់ស្ទឹងពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២០ ជួបការលំបាកក្នុងការធ្វើដំណើរទៅមក មិនឃើញមានមន្ត្រីជំនាញណាមួយចុះធ្វើការជួសជុលឡើយ រហូតត្រូវបានប្រជាពលរដ្ឋរិះគន់ ហើយត្រូវបានអាជ្ញាធរឃុំរហាត់ទឹក និងឃុំបត់ត្រង់ បានចាក់ដីលុបផ្លូវដែលទឹកជំនន់ហូរច្រោះបាក់ខូចនោះ ។ រហូតពេលនេះឃើញមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានចុះធ្វើការជួសជុលឡើងវិញ។


លោក ជា យុទ្ធារុណ ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ផ្លូវស្របមាត់ស្ទឹងបត់ត្រង់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៥ តភ្ជាប់ទៅផ្លូវឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី ក្រោយកសាងរួចហើយ ក៏ត្រូវបានរងការខូចខាតដោយគ្រោះទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅ បណ្តាលឱ្យទឹកហូរច្រោះដាច់ប្រវែងជាង១គីឡូម៉ែត្រក្នុងចំណោម៩គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា ផ្លូវនេះត្រូវជួសជុលជាបណ្តោះអាសន្នសិននៅកន្លែងដែលខូច ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរទៅមកបានស្រួល ដោយគ្រាន់តែចាក់កំទិចថ្មកិនបង្ហាប់ ដោយរង់ចាំថវិកាគម្រោងជួសជុលឡើងវិញ ទើបចាក់កៅស៊ូអោយបានដូចដើម ព្រោះផ្លូវសំខាន់សម្រាប់ប្រជាកសិករដឹកកសិផលនិងឡើងមកទីរួមខេត្ត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram