ផ្សារកំពង់កន្ទួត ក្នុងស្រុកកណ្តាលស្ទឹង ត្រូវផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩


កណ្តាល៖រដ្ឋបាលខេត្តកណ្តាល បានសម្រេចផ្អាកដំណើរការអាជីវកម្មផ្សារកំពង់កន្តួត ជាបណ្ដោះអាសន្ន ដែលស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្តាល ស្ទឹងខេត្តកណ្តាល ដែលមានថិរវេលាអនុវត្ត សម្រាប់រយៈពេល១៤ គិតចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និង ធ្វើការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ឱ្យបានល្អប្រសើរ នៅទីតាំងលក់ដូរក្នុងផ្សារកំពង់កន្ទួត ។


នេះបើយោងតាមសេចក្ដីសម្រេចរបស់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ។
ប្រការ២ នៃសេចក្ដីសម្រេចនេះ បានចែងថា «ចំពោះ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និង អ្នកពាក់ព័ន្ធផ្ទាល់ ឬ ដោយប្រយោល ក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមការងារសុខាភិបាលដើម្បីយកវត្ថុសំណាកទៅធ្វើតេស្តជាបន្ទាន់ និង ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល» ។


ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល បានប្រគល់ភារកិច្ចជូន រដ្ឋបាលស្រុកកណ្ដាលស្ទឹង សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និង ភាគីពាក់ព័ន្ធ ដើម្បីដឹកនាំនិងចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធការអនុវត្តវិធានការរដ្ឋបាលឬវិធានការសុខាភិបាលនិងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram